តើលោកអ្នកដែលមានអារម្មណ៍មួយថា នៅតែឃ្លានបើទោះបីជាបានញ៉ាំអាហារថ្ងៃត្រង់ច្រើនប៉ុនណាក៏ដោយ?
ហេតុអ្វីបានជារឿងនេះកើតឡើងអញ្ចឹង?
ថ្ងៃនេះ យើងខ្ញុំនឹងធ្វើការបកស្រាយ ហេតុផលមួយចំនួនដែលមិត្តអ្នកអានទាំងឡាយគួរតែយល់ដឹងអំពីរឿងទាំងអស់នេះ។
១. ការខ្វះជាតិទឹក
យើងគ្រប់គ្នាតែងតែគិតថា ការមានអារម្មណ៍ស្រែកឃ្លានគឺសុទ្ធតែជាការឃ្លានអាហារ ប៉ុន្តែការពិតទៅគឺយើងស្រេកទឹកសោះ។ នេះ ដោយសារតែការខ្វះជាតិទឹកអាចមានរោគសញ្ញា ដូចជាចង់ញ៉ាំអាហារ ដែលអាចធ្វើឲ្យមិត្តអ្នកអានយល់ច្រលំ។
២. គេងមិនលក់
ការគេងមិនសូវបាន វានឹងបង្កើនកម្រិតនៃ Ghrelin ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានគ្រប់ពេលវេលា។ ម្យ៉ាងទៀត ការគេងមិនលក់ជួយកាត់បន្ថយកំរិតអ័រម៉ូន Leptin របស់អ្នក ដែលជាអរម៉ូនធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលថែមទៀតផង។
៣. ស្ករ
អាហារផ្អែម មិនមានជាអាហារដែលផ្តល់នូវសុខភាពល្អទេ។ ម្យ៉ាងវិញទៀត បើទោះបីជាវាផ្ទុកនូវកាឡូរីច្រើនក៏ដោយ វាគ្រាន់តែបំពេញក្រពះរបស់អ្នកក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
សារជាតិកាបូអ៊ីដ្រាត មាននៅក្នុងបង្អែម នំខេក និងនំខូកឃី វាអាចធ្វើឲ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ប៉ុន្តែវានឹងធ្លាក់ចុះភ្លាមៗមកកម្រិតធម្មតាវិញ។ នេះហើយ ជាមូលហេតុដែលមួយម៉ោងបន្ទាប់ពីញ៉ាំរបស់ផ្អែមហើយ លោកអ្នកចាប់ផ្តើមមានអារម្មណ៍ថាឃ្លានទៀតហើយ។
៤. ភាពតានតឹង
កំរិតស្ត្រេស ធ្វើអោយមានការប៉ះពាល់ដល់ការផលិតអ័រម៉ូន adrenaline និង cortisol ដែលវានឹងបណ្តាលអោយមានផលប៉ះពាល់ស្រដៀងគ្នាទៅនឹងចំណុចលេខ ២ “គេងមិនលក់” ។ អ័រម៉ូន ២ នេះ ដើរតួសំខាន់លើការរបង្កើនចំណង់អាហារ និងកាត់បន្ថយសេរ៉ូតូនីន។ នេះ បណ្តាលឲ្យមានអារម្មណ៍ស្រេកឃ្លានរហូត សូម្បីតែបានបរិភោគអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចរួចក៏ដោយ។
រូបតំណាង
៥. បញ្ហាចំណីអាហារ
ទម្លាប់ក្នុងការញ៉ាំចំណីអាហារខ្លះ វាអាចធ្វើឲ្យអ្នកឃ្លានគ្រប់ពេលវេលា។ ឧទាហរណ៍ ប្រសិនបើអ្នកមិនទទួលទានអាហារថ្ងៃត្រង់ដែលមានជាតិប្រូតេអ៊ីនមិនគ្រប់គ្រាន់ មិនញ៉ាំខ្លាញ់ល្អឲ្យបានគ្រប់គ្រាន់ ឬមិនទទួលទានអាហារតែម្តង ទាំងនេះជាមូលហេតុធ្វើឲ្យក្រពះរបស់អ្នក “ស្រែកយំ” ចង់ញ៉ាំបន្ថែមទៀត។
ការពិសារស្រាច្រើនពេក វាអាចធ្វើឲ្យអ្នកខ្សោះជាតិទឹក ឬអ្នកញ៉ាំអាហារលឿនពេក ដែលធ្វើឲ្យខួរក្បាលរបស់អ្នកមិនទទួលបានសញ្ញាថាអ្នកឆ្អែតហើយ ឬក៏អាចមកពីអ្នកសម្លឹងមើលរូបភាព អាហារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលវាអាចបង្កើនកម្រិតអរម៉ូននៃការញ៉ាំអាហារបានដែរ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ Step to Heatlh