CamNews

ព័ត៌មានអន្តរជាតិ 

ពិតជាអង់អាច! អ្នកប្រយុទ្ធអង់គ្លេសម្នាក់ «សុខចិត្តបាញ់​សម្លាប់ខ្លួនឯង» ជាជាង​​ឱ្យក្រុម ISIS ចាប់ខ្លួន

(ស៊ីរី)៖ អ្នកប្រយុទ្ធជាជនជាតិ​អង់គ្លេសម្នាក់ឈ្មោះ Ryan Lock បានសម្រេចចិត្ត​បាញ់សម្លាប់​ខ្លួនឯង ដើម្បី​ជៀសវាង​ក្លាយជាអ្នកទោស​​របស់ក្រុម ISIS។ នេះបើតាមសម្តីរបស់សមាជិកក្រុមឧទ្ទាមឃើដ ដកស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។


 

Ryan Lock មានអាយុ២០ឆ្នាំ មកពីទីក្រុង Chichester នៃតំបន់ West Sussex  ប្រទេសអង់គ្លេស បានស្លាប់​កាលពី​ថ្ងៃទី២១ ខែធ្នូ កន្លងទៅនៅក្នុងអំឡុង​ការវាយប្រយុទ្ធគ្នា​ជាមួយក្រុម ISIS នៅក្នុងទីក្រុង Raqqa ប្រទេសស៊ីរី។ យោងតាម​ក្រុមឧទ្ទាមឃើដ YGP យុវជន Ryan Lock គឺជាអ្នកប្រយុទ្ធ​ស្ម័គ្រចិត្ត របស់ខ្លួន​ដែលបានបាញ់សម្លាប់​ខ្លួនឯង ខណៈរូបគេ​និងអ្នកប្រយុទ្ធ០៤នាក់ផ្សេងទៀតត្រូវបានក្រុម ISIS ឡោមព័ទ្ធនៅក្នុងភូមិ Ja'bar ក៏ប៉ុន្តែពួកគេនៅតែតស៊ូប្រយុទ្ធ​រហូតដល់ស្លាប់។


ក្រុមឧទ្ទាមឃើដ YGP បានបន្ថែមទៀតថា ផ្អែកលើការត្រួតពិនិត្យ Ryan Lock ត្រូវបាន​គេរកឃើញ​ស្នាមគ្រាប់កាំភ្លើង​នៅក្រោមចង្កា ដែលនេះធ្វើក្រុមអ្នក​ជំនាញសន្និដ្ឋានថា អ្នកប្រយុទ្ធរូបនេះបានបាញ់សម្លាប់ខ្លួនឯង ដើម្បីកុំឱ្យក្រុម ISIS ចាប់ខ្លួន។

គួរបញ្ជាក់ថា ជុំវិញវិបត្តិ​នៅស៊ីរីនេះដែរ បេសកជន​ពិសេសអង្គការ​សប្រហជាជាតិ លោក Staffan de Mistura បានឱ្យដឹងថា កិច្ចចរចាសន្តិភាព​ស្ដីពីស៊ីរី ត្រូវបានពន្យាពេល​រហូតដល់​ថ្ងៃទី២០ ខែកុម្ភៈ ក្នុងគោលបំណង​ទុកពេលវេលា​ឱ្យក្រុមប្រឆាំង​ស៊ីរី រកចំណុចឯកភាពគ្នា​ជាមុនសិន ស្របពេល​មនុស្ស​ប្រមាណ ៣១០,០០០នាក់ហើយ​បានបាត់បង់ជីវិត​នៅក្នុងសង្រ្កាមស៊ីរី ដែលមិនដឹងថា​ពេលណាត្រូវ​បញ្ចប់៕


ប្រភព ៖ ប៊ីប៊ីស៊ី


Tags: ISIS Int news Hot news Breaking news