CamNews

កីឡាអន្តរជាតិ 

Euro 2016៖ ក្រុម​ឈ្នះ​នៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ទទួល​បាន ២.៧៤​លាន​ដុល្លារ

(ប៉ារីស)៖ សម្រាប់ក្រុមបាល់ទាត់ទាំងឡាយណា ដែលទទួលបានជ័យជំនះក្នុងវគ្គ ១៦ក្រុមចុងក្រោយ (វគ្គចាញ់ធ្លាក់) និង​ទទួល​បាន​ទឹក​ប្រាក់​បន្ថែម​ចំនួន ២.៧៤​លាន​ដុល្លារ​អាមេរិក​ទៀត ក្នុង​ការ​ឡើងទៅលេងវគ្គ៨ក្រុម ក្នុងព្រឹត្តិការណ៍ Euro 2016 នៅ​ប្រទេស​បារាំង នេះ​បើ​យោង​តាម​គេ​ហ​ទំព័រ UEFA។

ទន្ទឹមគ្នានោះ UEFA ក៏បានផ្តល់ប្រាក់រង្វាន់ ១.៦៥លានដុល្លារក្នុង១ក្រុម សម្រាប់ក្រុមទាំងអស់ដែលបានឡើងមកដល់ វគ្គ១៦ក្រុម​នេះ​ដែរ ក្រៅ​ពី​ឆ្លង​ផុត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​៣​ប្រកួត​ក្នុង​ពូល​នីមួយៗ ក្រៅ​ពី​ឈ្នះ​១​ប្រកួត​បាន ១លានដុល្លារ និងស្មើបាន ៥៥ម៉ឹនដុល្លារ​ហើយ​នោះ ដោយ​សហ​ព័ន្ធ​គ្រប់​គ្រង​កីឡា​បាល់​ទា​ត់ប្រចាំ​ទ្វីប​អឺរ៉ុប​មួយ​នេះ នៅតែបន្តផ្តល់ ប្រាក់រង្វាន់ ៤.៤ លានដុល្លារទៀត សម្រាប់ក្រុមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តែយ៉ាងណាក៏ដោយ UEFA មិនបានបញ្ជាក់ពីក្រុមចាញ់ នឹងទទួលបានប្រាក់ប៉ុន្មាននោះទេ ជាមួយនឹងវគ្គ១៦ក្រុម នឹងចាប់ផ្តើមប្រកួតបន្តទៀត ចាប់​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦ ចាប់ពីម៉ោង ៨យប់ ម៉ោង១១យប់ និងម៉ោង ២រំលងអាធ្រាត្រ (ម៉ោង​នៅ​កម្ពុជា​)។

សម្រាប់លក្ខខណ្ឌនៃការប្រកួតក្នុងវគ្គចាញ់ធ្លាក់នេះដែរ គឺត្រូវរកក្រុមឈ្នះ និងចាញ់ឲ្យទាល់តែបាន ប្រសិនបើលេង ៩០នាទីពេញស្មើគ្នា ថែម​១៥ នាទី​២​ដង បើ​នៅ​តែ​ស្មើ​ទៀត និង​ដល់​វគ្គ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តីតែម្តង ក្នុង ១ក្រុមទាត់ ៥គ្រាប់ដូចគ្នា ដើម្បី​កំណត់​យក​អ្នក​ខ្លាំង​ពិត​ប្រាកដ ឡើង​ទៅ​វគ្គ​៨​ក្រុម​។

សូមបញ្ជាក់ផងដែរថា ក្រុមដែលបានឡើងមកដល់វគ្គ ១៦ក្រុម ត្រូវបានរកឃើញអស់ហើយនាយប់មិញ ដែលជាការ ប្រកួតបញ្ចប់សន្សំពិន្ទុក្នុងពូល E និង F និង​៨​ក្រុម​ត្រឡប់​ទៅ​ផ្ទះ​វិញ​មាន អាល់បានី, រ៉ូម៉ានី, តួកគី, អ៊ុយក្រែន, ស៊ុយអែត, សាធារណរដ្ឋឆេក, អូទ្រីស និង​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ក្នុង​ចំណោម ២៤​ក្រុម​ដែល​ឡើង​មក​លេង​វគ្គ​ចែក​ពូល​ក្នុង Euro 2016 លើកទី១៥នេះ ចែកចេញជា៦ពូល និងក្នុង១ពូល មាន​៤​ក្រុម​ជម្រើស​ជាតិ​សាសន៍៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016