(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងធ្វើការឃ្លាំមើលយ៉ាងដិតដល់ជាទីបំផុត ចំពោះវិធីសាស្រ្តដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ក៏ដូចជាគោលនយោបាយអ្វីដែលក្រុមរដ្ឋបាលថ្មីនេះមាន សម្រាប់របបដឹកនាំទីក្រុងព្យុងយ៉ាង មុនពេលដែលប្រទេសកុម្មុយនិស្តមួយនេះ សម្រេចធ្វើតេស្តមីស៊ីលរបស់ខ្លួនផ្ទាល់។ នេះបើតាមសម្តីរបស់អ្នកជំនាញអាមេរិកមួយរូប ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ លោក Ken Gause ជាអ្នកវិភាគលើស្ថានការណ៍កូរ៉េខាងជើងមួយរូបមកពីមជ្ឈមណ្ឌល CNA Corp. ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានបញ្ជាក់ថា «បើតាមការយល់ឃើញរបស់ខ្ញុំ កូរ៉េខាងជើងនឹងពន្យាពេលការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICMB ឬមួយក៏ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ រហូតទាល់តែពួកគេអាចធ្វើការស្វែងយល់បានច្បាស់អំពីរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដោយពួកគេនឹងធ្វើការតាមដានយ៉ាងដិតដល់បំផុតចំពោះការឆ្លើយតបរបស់អាមេរិកទៅកាន់ការបាញ់សាកល្បងមីស៊ីលរបស់អ៊ីរ៉ង់»។
គួរបញ្ជាក់ថាបន្ទាប់ពីបានធ្វើការព្រមានធ្ងន់ៗ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញពីគោលជំហរយ៉ាងតឹងរ៉ឹងលើការធ្វើតេស្តមីស៊ីលរបស់អ៊ីរ៉ង់ ដោយក្រសួងរតនាគារជាតិអាមេរិកទើបតែបានដាក់ទណ្ឌកម្មក្តៅៗបន្ថែម ទៅលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ហើយដោយឡែកមកទល់ពេលនេះលោក ត្រាំ និងមន្រ្តីជំនិតៗពុំទាន់បានបញ្ជាក់លម្អិតថា តើគោលនយោបាយពាក់ព័ន្ធនឹងកូរ៉េខាងជើងនឹងមានរូបរាងបែបណានោះឡើយ ប៉ុន្តែបើរំលឹកដល់អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ លោក ត្រាំ ធ្លាប់លើកឡើងថា លោកចង់អង្គុយតុពិភាក្សាជាមួយលោក គីម ជុងអ៊ុន ផ្ទាល់ដើម្បីដោះស្រាយបញ្ហានានា៕
ប្រភព ៖ យុនហ៉ាប់