ព័ត៌មានអន្តរជាតិ ៖ ទណ្ឌិត ៦ នាក់ ដែលបាន ចាប់ចំណាប់ខ្មាំង នៅក្នុងពន្ធនាគារ ក្រុង Kaohshiung កោះតៃវ៉ាន់នោះ បានបាញ់សម្លាប់ខ្លួនឯងស្លាប់ ១៤ ម៉ោងក្រោយ បន្ទាប់ពីមានការចាប់ជម្រិត មនុស្ស ធ្វើជាចំណាប់ខ្មាំង ។
សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី បន្តអោយដឹង ថា ៖ ទណ្ឌិត ទាំង អស់នេះ រងនូវការផ្តន្ទាទោស ពីបទ ឃាតកម្ម គ្រឿងញៀន ឆក់ប្លន់ និង ឧក្រិដ្ឋកម្ម ខុសច្បាប់មួយចំនួនផ្សេងទៀត ។ ប្រភពព័ត៌មានរបស់ កោះតៃវ៉ាន់ បំភ្លឺអោយដឹងថា ករណីមានការ ចាប់ ជម្រិតនៅពន្ធនាគារលើកនេះ ក៏ព្រោះពួកគេ ចង់តវ៉ា ពាក់ព័ន្ធនឹងការផ្តន្ទាទោស ទុក្ខលំបាក ដែល បាន ចោទប្រកាន់ទៅលើពួកគេ ។ ដៃប្រដាប់ដោយអាវុធ ក្រោយពីលួចបានពីឃ្លាំងសព្វាវុធក្នុងពន្ធនាគារនោះ ពួក គេតម្រូវអោយមានការអនុញ្ញាតអោយពួកគេ គេចខ្លួនពីពន្ធនាគារ ។
របាយការណ៍ បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីសពាក់ព័ន្ធ បានធ្វើការហ៊ុមព័ន្ធ ពន្ធនាគារ ធំបំផុតនៅលើដី កោះតៃវ៉ាន់មួយនេះ ក្រោយពីក្រុមទណ្ឌិត បះបោរចាប់បានឆ្មាំគុកច្រើននាក់ ធ្វើជាចំណាប់ខ្មាំងនៅវេលា ម៉ោង ៦ និង ៣០ នាទី ល្ងាចថ្ងៃពុធ ម្សិលមិញ (ម៉ោងក្នុងស្រុកកោះតៃវ៉ាន់) ។រយៈពេល១៤ម៉ោងក្រោយ បន្ទាប់ពីមានករណីចាប់ជម្រិតខាងលើនេះ ទណ្ឌិត បះ បោរទាំងនោះ បានសម្រេចបាញ់សម្លាប់ខ្លួនឯង តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី