ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋប្រមាណ ៨០,០០០នាក់ ត្រូវបានអាជ្ញាធរចេញសេចក្តីប្រកាសអោយធ្វើ ការភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈអំណាចនៃ ភ្លើងឆេះព្រៃ បានរាលដាល ឆេះដល់ទីក្រុង Haifa ដែលជាទីក្រុងធំ លំដាប់ទី ៣ របស់ប្រទេស អ៊ីស្រាអែល ។
រូបភាព តូច ខាងឆ្វេង នាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahu និង ខាងស្តាំ លោក
Mahmoud Abbas ប្រធានាធិបតី ប៉ាឡេស្ទីន
ប្រភពពីប៊ីប៊ីស៊ី បញ្ជាក់ឲ្យដឹងថា គ្រោះធម្មជាតិនៃភ្លើងឆេះព្រៃលើកនេះ បានកើតឡើង ក្រោយពី ប្រទេសអ៊ីស្រាអែល រងនូវគ្រោះរាំងស្ងួតរយៈពេល ២ខែមកនេះ ខណៈភាគខាងជើងទីក្រុងវិញ រង នូវកម្លាំងខ្យល់បក់ជាខ្លាំង ក៏បានពាំនាំ មកនូវការរាលដាលនៃភ្លើងឆេះព្រៃតែម្តង ។ ច្រើនជាងនេះ ទៅទៀត បើតាមសេចក្តីរាយការរណ៍បញ្ជាក់ឲ្យដឹងថា ភ្លើងឆេះព្រៃដ៏សាហាវលើកនេះ អំណាចដ៏ ក្តៅគគុករបស់វា បានគម្រាមគំហែងបណ្តាផ្ទះសម្បែងនៅតំបន់ Jerusalem និងតំបន់ West Bank ជាដើម ។
ស្នងការប៉ូលីស ប្រទេសអ៊ីស្រាអែលឲ្យដឹងថា គ្រោះអគ្គីភ័យឆេះព្រៃលើកនេះ គឺមានមន្ទិលសង្ស័យ ច្រើនទៅលើមូលហេតុផ្សេងៗពីគ្នា ខណៈនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu ក៏បានគូស បញ្ជាក់ដោយដាក់បន្ទុកទៅលើការវាយប្រហារ ភារវកម្ម ផងដែរ ។ លោកបញ្ជាក់ក្តែងៗឲ្យដឹងថា នរណាម្នាក់ក៏ដោយចុះ ដែលព្យាយាមដុតរដ្ឋប្រទេសអ៊ីស្រាអែលនោះ នឹងត្រូវរងការដាក់ទណ្ឌកម្ម កម្រិតធ្ងន់ ។ ទន្ទឹងនឹងនេះ ស្នងការប៉ូលីស លោក Roni Alsheich បន្តឲ្យដឹងថា ប្រសិនបើករណី ភ្លើងឆេះព្រៃ បានឆាបឆេះដោយជនណាម្នាក់ បង្កដោយមានបំណងនោះ ច្បាស់ណាស់ វាគឺជា ការ ជាប់ពាក់ព័ន្ធទៅនឹងនយោបាយ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងអប់រំ លោក Naftali Bennett ដែលជាមេដឹកនាំគណបក្ស Jewish Home Party ផងដែរនោះ ដែលធ្លាប់បានលើកឡើងថា អារ៉ាប់ និង ប៉ាឡេស្ទីន អាចជាប់ពាក់ព័ន្ធនឹងការ ដុតភ្លើងឆេះព្រៃលើកនេះ បានលើកឡើងតាមបណ្តាញ Twitter ឲ្យដឹងថា មានតែជនដែលមិនជាប់ ពាក់ព័ន្ធនឹងក្នុងប្រទេសនោះទេ ដែលបានដុតបំផ្លាញព្រៃរបស់យើងរហូតរាលដាលដល់ទីក្រុង ។
ការលើកឡើងដូច្នេះហើយ បានបណ្តាលឲ្យផ្ទុះប្រតិកម្មខឹងសម្បារជាខ្លាំង ពីប្រធានាធិបតី ប្រទេស ប៉ាឡេស្ទីន លោក Mahmoud Abbas ដោយលោកតបទៅវិញថា មានតែមន្រ្តីអ៊ីស្រាអែលដែលបាន ដុតព្រៃឲ្យឆាបឆេះរួចចាប់ផ្តើមចោទប្រកាន់ និងទម្លាក់កំហុសមកលើ ជនជាតិ ប៉ាឡេស្ទីន។ ប្រធានាធិបតី ប៉ាឡេស្ទីន គូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ឲ្យដឹងថា អ្វីដែលកំពុងតែឆាប ឆេះនោះ គឺកំពុងតែឆេះព្រៃរបស់ពួកយើង ដីរបស់ពួកយើងនៃប្រវត្តិសាស្រ្ត ប៉ាឡេស្ទីន ។
ការបង្ហូរឈាមគ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងតំបន់ West Bank នៅតែបន្តកើតមាន ចាប់តាំងពីថ្ងៃទី២៨ ខែតុលាមកជនជាតិអ៊ីស្រាអែល និងពលរដ្ឋអាមេរិកកាំងមួយចំនួនត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅតាមដងផ្លូវដោយពលរដ្ឋប៉ាឡេស្ទីន។ ជាការឆ្លើយតបកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៨៧នាក់។ ការកញ្ជ្រោលឡើងក្នុងអំពើហិង្សា បានដុតរោលជាផ្នែកដោយការ មិនពេញចិត្តពីសំណាក់ពលរដ្ឋប៉ាឡេស្ទីន ការបរាជ័យដំណើរការជជែកស្វែងរកសន្តិភាព ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ2014 , កំណើននៃការសាងសង់លំនៅដ្ឋានរបស់ជនជាតិជ្វីស នៅលើដី ដែលពួកគេស្វែងរក ការប្រកាសជារដ្ឋឯករាជនាពេលអនាគត និងពួកអ៊ីស្លាមជ្រុលនិយមអំពាវនាវរកការបំផ្លិចបំផ្លាញប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី