(បាងកក)៖ ទាហាន និងប៉ូលិសថៃរាប់រយនាក់នៅថ្ងៃព្រហស្បតិ៍នេះ បានចុះឡោមព័ទ្ធវត្តមួយកំពុងជាប់រឿងអាស្រូវខ្លាំងក្លាបំផុតនៅក្នុងទីក្រុងបាងកក ដើម្បីត្រៀមចុះឆែកឆេរ និងចាប់ព្រះសង្ឃមួយអង្គបន្ទាប់ពីមេដឹកនាំយោធាថៃ ប្រើប្រាស់អំណាចពិសេសក្នុងការដាក់បញ្ចូលវត្តនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធា។ នេះបើតាមការចញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ល្បែងឆ្មាចាប់កណ្ដុររវាងក្រុមអ្នកស៊ើបអង្កេត និងវត្តដ៏មានឥទ្ធិពល Dhammakaya បានចាប់ផ្ដើមលេងអស់រយៈពេលជាច្រើនខែមកហើយ ជុំវិញការចោទប្រកាន់ថាអតីតចៅអធិការ Phra Dhammachayo បានទទួលប្រាក់ខុសច្បាប់ជាង ១.២ពាន់លានបាត ឬស្មើនឹង៣៣ លានដុល្លារអាមេរិកពីម្ចាស់ធនាគារម្នាក់ដែលកំពុងជាប់ឃុំ។ ជុំវិញប្រតិបត្តិការនេះដែរ ខាងអាជ្ញាធរថៃបានបញ្ជាក់ថា «អនុឡោមតាមការអនុវត្ដន៍អំណាចពិសេស អាជ្ញាធរមានសិទ្ធិហាមឃាត់សាធារណជនចូលក្នុងបរិវេណវត្ត ឬបណ្ដេញចេញ..... ឬក៏រុះរើ និងបំផ្លាញអាគារចោលតែម្ដង ដូច្នេះបើសិន ជានរណាម្នាក់រារាំង ឬរំខានដល់ការងារអាជ្ញាធរក្នុងការអនុវត្តន៍ច្បាប់នេះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ និងផាកពិន័យជាប្រាក់ជាដើម»។
គួរបញ្ជាក់ថាបើតាមព្រះសង្ឃនៅវត្ត Dhammakaya ប៉ូលិសនិងទាហានថៃជាង ៤,០០០នាក់ បានឡោមព័ទ្ធវត្ត និងបានហាមមិនឱ្យសាធារណជនចូលក្នុងបរិវេណវត្តអារាមនេះទៀតផង៕
ប្រភព ៖ CNA