(ស៊ីដនី)៖ បីឆ្នាំកន្លងផុតទៅហើយដែលយន្ដហោះ MH370 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយមិនតែប៉ុណ្ណោះមកទល់ពេលបច្ចុប្បន្ន យន្ដហោះមួយនេះនៅតែមិនទាន់ត្រូវបានរកឃើញ ដោយឡែកមូលហេតុនៃការបាត់ខ្លួន ក៏ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យបានច្បាស់នោះដែរ ខណៈក្រុមអ្នកស្វែងរកមកពីប្រទេសចិន អូស្ត្រាលី និងម៉ាឡេស៊ី បានប្រកាសនៅថ្ងៃអង្គារនេះពីការផ្អាកប្រតិបត្តិការស្វែងរកនៅក្រោមបាតសមុទ្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអ្នកស្វែងរក ចិន អូស្ត្រាលី និងម៉ាឡេស៊ី យន្ដហោះ MH370 មិនត្រូវបានរកឃើញនៅក្នុងបរិវេណ ១២០,០០០គីឡូម៉ែត្រ ក្រឡានោះទេ នៃតំបន់ស្វែងរកនៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ម្យ៉ាងវិញទៀតរហូតមកទល់ថ្ងៃនេះ ក៏គ្មានព័ត៌មានថ្មីណាមួយបញ្ជាក់ពីទីតាំងធ្លាក់ជាក់លាក់នោះដែរ ដូច្នេះទើបក្រុមអ្នកស្វែងរក សម្រេចចិត្តផ្អាកប្រតិបតិ្តការតាមរក MH370 នៅក្រោមបាតសមុទ្រ។ ជុំវិញការផ្អាកនេះដែរ ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះបានសម្ដែងការមិនពេញចិត្តជាខ្លាំង និងបានស្នើឱ្យអាជ្ញានៃប្រទេសទាំងបី ចាប់ផ្ដើមប្រតិបត្តិការរបស់ពួកគេឡើងវិញ។
គួររំលឹកថា យន្ដហោះដឹកអ្នកដំណើរ MH370 និងក្រុមបុគ្គលិកយន្ដហោះសរុប ២៣៩នាក់បានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលដៅហោះហើរពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង