(កាតា)៖ អារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ី ដែលជាអ្នកផលិតប្រេងឆៅធំជាងគេបំផុតនៅលើ ពិភពលោកបានព្រមព្រៀងគ្នាដើម្បីបង្កក ការផលិតប្រេងដែលកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោយពីមានការពិភាក្សាគ្នានៅប្រទេសកាតា នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bloomberg ចេញផ្សាយនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។
រដ្ឋមន្រ្តីក្រសួងប្រេងរបស់អារ៉ាប៊ីសាអូឌីត លោក Ali Al-Naimi និងរដ្ឋមន្រ្តីថាមពលរុស្ស៊ីលោក Alexander Novak បានឲ្យដឹងព្រមគ្នាថា មូលហេតុដែលប្រទេសទាំងពីរព្រមព្រៀងបង្កកប្រេងនេះ គឺដោយសារតែការផលិតប្រេងនៅក្នុងខែមករា ឆ្នាំ២០១៦កន្លងទៅនេះ មានចំនួនគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់ក្នុងការនាំចេញ ពោលគឺជិតដល់កម្រិតមួយដែលអង្គការបណ្តាប្រទេសនាំប្រេងចេញ (OPEC) បានកំណត់ ហើយវាអាចនឹងលើសថែមទៀតផង ដូច្នេះហើយដើម្បីរក្សាតុល្យភាព ប្រទេសទាំងពីរក្នុងនាមជាប្រទេសផលិតប្រេងឆៅធំជាងគេបំផុតនៅលើពិភពលោក ក៏បានបង្កកការផលិតប្រេងមួយរយៈសិន។
លោករដ្ឋមន្រ្តីក្រសួងប្រេងរបស់អារ៉ាប៊ីសាអូឌីត ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសកាតា និងវេណេហ្ស៊ុយអេឡា ក៏បានចូលរួមក្នុងការបង្កកការផលិតប្រេងនេះផងដែរ៕
ប្រភព ៖ Bloomberg
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី