CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយរបាយការណ៍ MH17 ត្រូវបាញ់ទម្លាក់ដោយ ម៉ីស៊ីល ផលិតនៅរុស្ស៊ី

(កង់បេរ៉ា)៖ សមាជិកសភាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ នេះបានអំពាវនាវឱ្យទីក្រុងមូស្គូ ចូលរួមចំណែក ក្នុងការស៊ើបអង្កេតជុំវិញការបាញ់ទម្លាក់ យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បន្ទាប់ពី របាយការណ៍ស៊ើបអង្កេតមួយបង្ហាញថា កងកម្លាំងរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវចំពោះការ ប្រើប្រាស់គ្រាប់មីស៊ីលក្នុងការបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរមួយនេះ។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ស៊ើបអង្កេតរយៈពេលពីរឆ្នាំមកនេះ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរ ហូឡង់ ប៊ែលហ្សិក អ៊ុយក្រែន អូស្រ្តាលី និង ម៉ាឡេស៊ី យន្ដហោះ MH17​ ត្រូវបានបាញ់ទម្លាក់ដោយ មីស៊ីលប្រភេទ BUK​ ផលិតនៅរុស្ស៊ី ដោយក្រុមឧទ្ទាមបំបែករដ្ឋលំអៀងទៅរករុស្ស៊ី នៅក្នុងតំបន់ ភាគខាងកើតនៃប្រទេស អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានច្រានចោលរបាយការណ៍នេះ ព្រមទាំងចាត់ទុកថាការស៊ើប អង្កេតគឺធ្វើឡើងមានចរិតលក្ខណៈនយោបាយ។ ទន្ទឹមគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានជម្រុញឱ្យភាគីពាក់ព័ន្ធទំាងអស់ ចូលរួម និង បន្តគំាទ្រដល់ការស៊ើបអង្កេត លើបទឧក្រិដ្ឋដ៏សាហាវឃៅនេះ ដែលបានសម្លាប់មនុស្ស២៩៨នាក់ ក្នុងនោះមានអូស្ត្រាលី៣៨នាក់។

គួររំលឹកថា យន្ដហោះMH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែ​រឡាញ មានគោលដៅហោះហើរ ពីទីក្រុងអំាស្ទឺដំា នៃប្រទេសហូឡង់ ​ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ ត្រូវបានគេបាញ់ទម្លាក់នៅឯ ភាគខាងកើត ប្រទេសអ៊ុយក្រែនកាលពីខែកក្កដាឆ្នាំ ២០១៤ ដោយបានផ្ដាច់យកជីវិតមនុស្ស ជិះនៅលើយន្ដហោះ ទំាងអស់ ២៩៨នាក់ ក្នុងនោះភាគច្រើនជាជនជាតិហូឡង់៕

ប្រភព ៖​ ស៊ិនហួរ


Tags: MH370 Int news Hot news MH17