រដូវក្ដៅបានកន្លងផុតទៅ បន្សល់ទុកនូវសម្លៀកបំពាក់ស្ដើងៗ ខ្លីៗជាច្រើន ដែលអ្នកប្រហែលជាមិនចង់ប្រើប្រាស់វានៅក្នុងរដូវរំហើយ និងរដូវត្រជាក់នេះ ប៉ុន្ដែ សូមកុំអាលទុកវាចោល ព្រោះថា អ្នកអាចប្រើវាបន្ដទៀត សម្រាប់រដូវនេះ ដោយការ mix ជាមួយសម្លៀកបំពាក់ដទៃ ដើម្បីបង្កើតបានជាស្ទីលថ្មីបំផុត។
សូមស្វែងយល់អំពីវិធី mix&match នូវសម្លៀកបំពាក់ដ៏សាមញ្ញខាងក្រោម ដើម្បី ប្រែក្លាយបណ្ដារ៉ូបរដូវក្ដៅ ឱ្យមកជាសម្លៀកបំពាក់សម្រាប់រដូវរំហើយ!
១/ រ៉ូបផ្កា
រូបភាព floral នៅលើរ៉ូបខ្លី គឺជារូបភាពមួយប្រភេទ “hot” បំផុតក្នុងរដូវក្ដៅ ព្រោះវាមានលក្ខណៈ រស់រវើក លេចធ្លោ និងពេញដោយថាមពល។ ប្រការនេះ ធ្វើឱ្យនារីភាគច្រើន យល់ថា វាសម្រាប់តែរដូវក្ដៅប៉ុណ្ណោះ។ ប៉ុន្ដែ ដោយគ្រាន់តែប្រើប្រាស់អាវរងា cardigan ដ៏ទន់ភ្លន់ និងមានពណ៌មធ្យមដូចជា ស ប្រផេះ ឬក៏ខ្មៅ ដើម្បីពាក់ពីខាងក្រៅ វានឹងក្លាយជារបស់សម្រាប់រដូវរំហើយ។
២/ រ៉ូប cut-out ស្មា
Cut-out គឺជាម៉ូដែលមួយត្រូវគេនិយមប្រើនៅក្នុងរដូវ “បែកញើស” ហើយស្ទីលបញ្ចេញស្មាត្រូវគេចូលចិត្តច្រើនជាងគេ ព្រោះវាអាចជួយបង្ហាញសាច់ប្រកបដោយភាពសមរម្យ។ ដើម្បីប្រែក្លាយវាឱ្យទៅជាសម្លៀកបំពាក់រដូវរំហើយ អ្នកគ្រាន់តែពាក់អាវធំ ក្រាស់ពីខាងក្រៅជាការស្រេច ប៉ុន្ដែ បើនៅតែចង់បង្ហាញសាច់ អ្នកគួរពាក់មួក fedora និងស្បែកជើងកវែងដែលមានពណ៌ងងឹត ជំនួសវិញ។
៣/ រ៉ូបពងជីងចក់
ដើម្បីជួយឱ្យរ៉ូបពងជីងចក់ស្ដើងរបស់រដូវក្ដៅ ឱ្យមានចរឹតជាស្ទីលនៃរដូវត្រជាក់ នោះគឺប្រើប្រាស់អាវក្រាសខ្លី ពាក់ពីក្រៅ ដូចជាអាវ denim និង leather ជាដើម។ វិធីនេះ មិនត្រឹមតែជួយឱ្យសម្លៀកបំពាក់របស់អ្នកសមស្របនឹងរដូវកាលប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើតស្ទីលសាមញ្ញ និងងាយស្រួលប្រើប្រាស់ផងដែរ។
៤/ រ៉ូប cut-out ចង្កេះ
ទន្ទឹមនឹងម៉ូដែល cut-out ស្មា ម៉ូដែល cut-out ចង្កេះក៏ជាស្ទីលប្លែកភ្នែក និងសិចស៊ីសម្រាប់រដូវក្ដៅ។ ដើម្បីកាត់បន្ថយភាពត្រជាក់ និងដើម្បីបង្កើតជាស្ទីលមួយថ្មីសម្រាប់រដូវកាលនេះ អ្នកអាចសាកល្បងប្រើអាវធំដែលមានចរឹតមាំមួន។ ម្យ៉ាងទៀត ការប្រើប្រាស់សម្លៀកបំពាក់ផ្សេងៗ ដូចជា មួក beanie ស្បែកជើងកវែង ជាដើម នោះអ្នកនឹងទទួលបានឈុតសម្លៀកបំពាក់មួយដ៏ល្អប្រសើរសម្រាប់រដូវរំហើយនេះ។
ដោយ ៖ តារា
ប្រភព ៖ k14