ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេស នេប៉ាល់ ក៏ដូចជា ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក បានរកឃើញសពក្រុមមនុស្ស ពនេចរ ដើរកាត់ព្រៃភ្នំ និងសពអ្នកភូមិ ប្រមាណជាង ១០០ នាក់ កប់នៅក្រោមគំនរ ទឹកកកបាក់រលំកាលពីចុងខែកន្លងទៅនេះ អំឡុងពេលមានគ្រោះថ្នាក់ធម្មជាតិដ៏សាហាវគ្រោះរញ្ជួយ ដី នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីផ្លូវការ ព្រឹកថ្ងៃច័ន្ទ ថ្ងៃទី ៤ ឧសភា ។
រដ្ឋាភិបាល បានស្នើអោយក្រុមជំនួយ និងក្រុមការងារបរទេស ជួយប្រឹងប្រែងអោយអស់ ពីលទ្ធភាព ក្នុងប្រតិបត្តិការ ស្រាវជ្រាវ និងជួយសង្គ្រោះ ខណៈមានក្តីរំពឹងទុកថានឹងអាចរកឃើញមនុស្សនៅរស់ មានជីវិត ក្រោមគំនរថ្មបាក់បែក ក៏ដូចជា ក្រោមគំនរទឹកកក បាក់រលំជាដើម ។ លោក Rameshwor Dangal មន្រ្តីផ្លូវការ មកពី Home Ministry អោយដឹងថា ពួកគេអាចនឹងគេចខ្លួនបាន បើសិនណាពួក គេមានជំនាញពិសេស ចេះកកាយកំទេចថ្ម ។ សេចក្តីរាយការណ៍ បញ្ជាក់ថា សាកសព ក្រុមមនុស្ស ពនេចរ ដើរកាត់ព្រៃភ្នំ ត្រូវបានគេប្រទះឃើញ នៅអំឡុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លង ទៅនេះ នៅឯ ភូមិ Langtang មានចម្ងាយ ៦០ គ.ម ភាគខាងជើង ក្រុង Kathmandu ជាភូមិស្រុកដែលជាតំបន់មាន ប្រជាប្រិយភាពបំផុត ខាងដើរត្រាច់ចរ ពីសំណាក់ ប្រជាជនពីលោកខាងលិច ។ ភូមិស្រុកទាំងមូល ក្នុងនោះ ផ្ទះសំណាក់ សម្រាប់ ក្រុមអ្នកពនេចរ ទាំង ៥៥ ផ្ទះសំណាក់ ត្រូវបាន កម្ទេចខ្ទេច ដោយការ បាក់រលំផ្ទាំងទឹកកក ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ៖ ក្រុមការងារ កំពុងតែព្យាយាមជីកកកាយគំនរទឹកកកកម្រាស់ ៦ ហ្វឺត ក្នុងគោលបំណងស្វែងរកសាកសពមនុស្សបន្ថែមទៀត ក្រោយពីបានរកឃើញ សាកសពជា ច្រើនខាងលើ ក្នុងនោះ ហោចណាស់ ៧ នាក់ជាសាកសពជនបរទេស ខណៈត្រឹមតែ ២ នាក់ត្រូវបាន ក្រុមការងារបញ្ជាក់អត្តសញ្ញាណ ។ ពុំមានប្រភពច្បាស់ការណ៍ អាចបញ្ជាក់បាន នៅ ឡើយទេ ថាតើ មានមនុស្សប៉ុន្មាននាក់ នៅភូមិស្រុក Langtang អំឡុងពេលមានគ្រោះថ្នាក់ បាក់រលំផ្ទាំងទឹកកកប៉ុន្តែ បើតាមសម្តីមន្រ្តីផ្លូវការម្នាក់អោយដឹងថា មនុស្សប្រមាណ ១២០ នាក់ អាចត្រូវកប់ក្រោមគំនរទឹកកក
គ្រោះរញ្ជួយដីសាហាវ អាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ៨១ ឆ្នាំ ប្រទេស នេប៉ាល់ កាលពីថ្ងៃទី ២៥ មេសា ២០១៥ កន្លងទៅនេះ បានបណ្តាល អោយមនុស្សច្រើនជាង ៧៣៦៦ ស្លាប់បាត់បង់ជីវិតស្រប ពេលដែល ជិត ១៤,៥០០ នាក់ទៀត រងរបួស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA