ព័ត៌មានអន្តរជាតិ ៖ បារាំង និង ទួរគី បានគូសបញ្ជាក់ឲ្យដឹងថា ការវាយប្រហារផ្លូវអាកាស ឈាន ទៅកម្ទេចចំទីតាំងសំណង់អាគារមន្ទីរពេទ្យមួយកន្លែង នៅភាគខាងជើង ប្រទេស ស៊ីរី គឺជាឧក្រិដ្ឋ កម្មសង្គ្រាម។ របាយការណ៍ ពីអង្គការសហប្រជាជាតិ ឲ្យដឹងថា ជនរង គ្រោះ ច្រើនជាង ៥០នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារផ្លូវអាកាស វាយប្រហារម៉ីស៊ីលទៅលើបណ្តា ទីតាំងសំណង់អាគារសាលារៀន និងមន្ទីរពេទ្យនៅក្នុងតំបន់ ។
ក្រសួងការបរទេសទួរគី បានដាក់បន្ទុកស្តីបន្ទោសទៅប្រទេសរុស្ស៊ី ពាក់ព័ន្ធ នឹង ការវាយប្រហារ ផ្លូវអាកាសខាងលើ។ ទោះជាយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុង ម៉ូស្កូ ពុំ ទាន់មានប្រតិកម្ម ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ។ ទន្ទឹមនឹងនេះ ប្រធានាធិបតី ស៊ីរី លោក Bashar al-Assad បានដាក់បន្ទុកការសង្ស័យ របស់ ខ្លួន ទៅ លើ ការ អនុវត្តគម្រោង បញ្ជប់ប្រទូស្តភាព (គម្រោងបញ្ជប់សង្គ្រាម) នៅ ក្នុងប្រទេសស៊ីរី ។ កាលពី សប្តាហ៍ កន្លងទៅនេះ មេដឹកនាំ ពិភព លោក បានយល់ព្រមគ្នាធ្វើការរួមក្នុងការបញ្ជប់បញ្ហា ប្រឈម នៅ ក្នុងប្រទេស ស៊ីរី ដោយចាប់ ផ្តើមពីដើមសប្តាហ៍នេះផ្ទាល់តែម្តង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី