CamNews

តារា 

ម៉ៅ ហាជី កាន់​តែ​រង​សំឡេង​រិះ​គន់ កាន់​តែ​មិន​បាក់​ស្រុត​ប្រជា​ប្រិយ​ភាព និង​មាន​ឱកាស​កើប​ប្រាក់

(ភ្នំពេញ)៖ តារាចម្រៀង​ លោក ម៉ៅ ហាជី បានក្លាយជាតួអង្គមួយ​ ពោរពេញទៅដោយសំឡេងរិះគន់យ៉ាងច្រើន ពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ជាពិសេសក្នុងបណ្ដាញសង្គម Facebook ​ជុំវិញរឿងរ៉ាវ ចូលទៅក្នុងផលិតកម្ម ថោន បន្ទាប់ពីកេរ្តិ៍ឈ្មោះ ក្នុងមជ្ឈដ្ឋានសិល្បៈ ត្រូវបានទស្សនិកជនស្គាល់ខ្លាំង តាមរយៈកម្មវិធី Cambodia Idol របស់ស្ថានីយ​ទូរទស្សន៍ហង្សមាស ធ្វើឲ្យគេគ្រប់គ្នា គិតថា លោកនឹងចូលច្រៀង ក្នុងផលិតកម្ម ហង្សមាស ដោយស្វ័យប្រវត្តិ ។

ប៉ុន្តែអ្វីដែល​នឹកស្មានមិនដល់នោះ គឺតារាចម្រៀង ម៉ៅ ហាជី ត្រូវបានគេរកឃើញថា លោកបានជាប់ពាក់ព័ន្ធ នឹងការចុះកិច្ចសន្យាច្រៀង ឲ្យផលិតកម្ម ថោន ទៅវិញ ជាហេតុធ្វើឲ្យលោក ត្រូវមានរឿងចម្រូងចម្រាស់ ជាមួយកម្មវិធី Cambodia Idol និងស្ថានីយទូរទស្សន៍ហង្សមាស ហើយរហូតមកដល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់ទេថា តើលោកបានចូលខ្លួន ដោះស្រាយបណ្ដឹងនេះ ចប់រួចរាល់ហើយឬនៅ នោះទេ ។

លោក ម៉ៅ ហាជី ធ្វើឲ្យទស្សនិកជនសាំចិត្តបំផុត គឺនៅត្រង់ថា លោកនិយាយត្រឡប់ចុះត្រឡប់ឡើង រហូតជាប់ឈ្មោះជាតារាចម្រៀង ក្រឡិចក្រឡុច​ ក្នុងរឿងកិច្ចសន្យា ជាមួយផលិតកម្ម ថោន និងរឿងដោះស្រាយ​ជាមួយហង្សមាស ។ ប៉ុន្តែអ្វីៗ ហាក់ត្រូវបានប្រភពបញ្ជាក់ថា លោក ម៉ៅ ហាជី មិនអាចទៅណាឆ្ងាយ ពីផលិតកម្មថោនបានឡើយ បើទោះបីជាកន្លងមក លោកធ្លាប់ប្រាប់ថា លោកមិនទាន់មាន​កិច្ចសន្យាជាមួយ ផលិតកម្ម ថោន ក្ដី ។ ការព្រលយព័ត៌មានថា លោកគ្មានកិច្ចសន្យាជាមួយ ផលិតកម្ម ថោន គ្រាន់តែជាដំណឹងមួយ ដែលអ្នកដឹងរឿងយល់ឃើញថា គ្រាន់តែជាការប្រឌិតឡើង ដើម្បីកុំឲ្យខ្លួន មានការរិះគន់ខ្លាំងពីមហាជន និងអាចចេញឆ្ងាយពីសម្ពាធរបស់ហង្សមាស តែប៉ុណ្ណោះ។

លោក ម៉ៅ ហាជី ត្រូវបានគេដឹងថា ផលិតកម្ម ថោន ហាក់ចង់បានលោកខ្លាំងណាស់ ដើម្បីក្លាយជាតារាចម្រៀងពេញសិទ្ធ និងបានខិតខំកៀរគ បញ្ចុះបញ្ចូល មិនឲ្យលោកទៅណាឆ្ងាយឡើយ រហូតដល់លោកសម្រេចចិត្ត ចុះកិច្ចសន្យាជាមួយ ទើបផ្ទុះរឿងធំឡើងតែម្ដង ។​

ប្រភពស្និទ្ធនឹងតារាចម្រៀង ម៉ៅ ហាជី បានលួចបង្ហើបប្រាប់ Khmer​talking ថា ថ្វីដ្បិតសំឡេងរិះគន់ នៅតែបន្តកើតមាន ជាហូរហែ​ជាប់គ្នារដឹកក្ដី ប៉ុន្តែ​ ម៉ៅ ហាជី នៅតែមានប្រ​ជាប្រិយភាព ក្នុងពិភពសិល្បៈចម្រៀង ​កាន់តែខ្លាំង ជាពិសេសការងារចេញច្រៀង តាមកម្មវិធីប្រគំតន្រ្តីនានា ដែលធ្វើឲ្យលោកសើមមាត់នឹងចំណូល ក្នុងមួយខែៗមិនតិចនោះទេ។ ប្រភពដដែលបានបន្តថា ម៉ៅ ហាជី ហាក់កំពុងតែពិបាកចិត្តយ៉ាងខ្លាំង នឹង​​សំឡេងរិះគន់បាញ់ស្រោចមកលើរូបលោក ព្រោះទស្សនិកជនមួយចំនួន ​មិនអាសូប្រណី​ឡើយ តែងតែវាយប្រហា​រមិនសំចៃ ពោលស្ទើរតែគ្មានព័ត៌មានល្អសោះសម្រាប់លោក ។

ថ្វីដ្បិតតែព័ត៌មាន និងសំឡេងរិះគន់ កើនឡើងដូចទឹកបាក់ទំនប់ក៏ តារាចម្រៀងមានកំណើត មកពីទឹកដីខេត្តបាត់ដំបងរូបនេះ មិនបានស្រកស្រុតប្រជាប្រិយភាព និងរឿងការងារឡើយ ដោយថ្ងៃខ្លះ លោករវល់ស្ទើរតែមិនបានសម្រាកសោះ ព្រោះ​ត្រូវច្រៀងតាមបណ្ដាខេត្តផង និងក្នុងទីក្រុងភ្នំពេញផង ពោលឡើងចុះៗរហូត ខណៈមហាជន ជាពិសេសយុវវ័យ មួយចំនួនឲ្យតម្លៃលើលោក​ ស្រឡាញ់លោក ព្រោះ​ជាមនុស្សម្នាក់ឱនលំទោន និង​ដាក់ខ្លួនបំផុត ។

ជាការកត់សម្គាល់តារាចម្រៀង ម៉ៅ ហាជី តែងតែញញឹមគ្រប់ពេល សូម្បីតែជិះរថយន្តតាមផ្លូវ ក៏លោកញញឹមរហូតដែរ ព្រោះ​ខ្លាចមហាជនថា ​វាយឫក ។ ទោះបីជាលោកប្រុងប្រយ័ត្ននឹង ធ្វើខ្លួនឲ្យល្អយ៉ាងណា មហាជនមួយចំនួន នៅតែមិនមើលឃើញតម្លៃលោក នឹងមិនយល់ពីហេតុផល ដែលលោកត្រូវរកទ្រនំ ដ៏ល្អមួយសម្រាប់អនាគត អាជីពជាអ្នកចម្រៀង នាថ្ងៃខាងមុខទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Cambodian Idol HMHDTV Live Show Mao ha Chi