(អាមេរិក)៖ បំណែក យន្តហោះមួយ ដែលរកឃើញនៅលើឆ្នេរនៃប្រទេស Mozambique ដែលព្រំដែន ដ៏វែងឆ្ងាយជាប់នឹងសមុទ្រឥណ្ឌា កាលពីចុងសប្ដាហ៍មុន «ទំនង» ជាបំណែករបស់យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី MH370 ដែលបាត់ជិតពីរឆ្នាំ នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅប៉ុន្មាននាទីមុននេះ។
មន្ត្រីជំនាញអាមេរិក បានប្រាប់សារព័ត៌មាន CNN នៅមុននេះថា បំណែកថ្មី ដែលទើបតែប្រទះឃើញនោះ ទំនងជារបស់យន្តហោះ ដឹកអ្នកដំណើររបស់ម៉ាឡេស៊ី MH370 ដែលបានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្ស ២៣៩នាក់។
របាយការណ៍ដោយគ្មានភស្ដុតាងនេះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ច្រានចោល និងបាននិយាយថា វាជាការសន្និដ្ឋានទាំង «ប្រថុយប្រថាន» ខណៈដែលការស៊ើបអង្កេតមិនទាន់បញ្ចប់។
កាលពីពាក់កណ្ដាលខែមករា កន្លងទៅនេះ ក៏មានការប្រទះឃើញបំណែកយន្តហោះមួយនៅក្នុងប្រទេសថៃ ដោយអ្នកនេសាទម្នាក់ និងត្រូវបានគេសន្និដ្ឋានថា ជារបស់យន្តហោះ MH370 ប៉ុន្តែក្រោយពីធ្វើការស៊ើបអង្កេតចប់ ទើបដឹងថា បំណែកនោះមិនមែនជារបស់ MH370 ទេ។
គួរបញ្ជាក់ផងដែរថា ដំណឹងទាក់ទងនឹង MH370 ដែលទទួលបានចុងក្រោយបំផុតគឺនៅខែកក្កដា ឆ្នាំ២០១៥ មានអ្នកនេសាទនៅកោះ Reunion បានប្រទះឃើញស្លាបយន្តហោះមួយ ហើយក្រោយពីធ្វើការស៊ើបអង្កេតចប់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់ថា ស្លាបយន្តហោះដែលរកឃើញនៅលើកោះ Reunion គឺជារបស់យន្តហោះ MH370 យ៉ាងពិតប្រាកដ៕
ប្រភព ៖ ប៊ីប៊ីស៊ី និង ស៊ីអិនអិន
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី