(អាហ្វ្រិកខាងត្បូង)៖ យុវជនម្នាក់ នៅប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញបំណែកមួយផ្ទាំង នៅតំបន់ឆ្នេរ ជាប់មហាសមុទ្រឥណ្ឌា ដែលត្រូវបានគេសន្និដ្ឋានថា អាចជាបំណែករបស់យន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ដំណឹង ជាងពីរឆ្នាំមកហើយ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ។
បំណែកនោះ គឺជាបន្ទះដែកប្រវែងជាងមួយម៉ែត្រ និងមានបិទតែមលេខ 676EB នៅលើនោះផងដែរ។ តាមពិតវាត្រូវបានរកឃើញ ដោយយុវវ័យ ១៨ឆ្នាំម្នាក់ឈ្មោះ Liam Lotter តាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ នៅពេលដែលរូបលោក កំពុងដើរកម្សាន្តលើឆ្នេរមួយ នៃភាគខាងត្បូង ប្រទេសម៉ូហ្សាំប៊ីក (Mozambique) ក្បែរក្រុង Xai Xai។
ពីដំបូងឡើង Liam មិនទាន់ហ៊ានប្រាប់សមត្ថកិច្ច ណាម្នាក់ឡើយ ប៉ុន្តែក្រោយពីយកទៅផ្ទះ ហើយដឹងថា វាជាបំណែកនៃយន្តហោះនោះ គេក៏បានរាយការណ៍ រឿងនេះប្រាប់សមត្ថកិច្ច។ ឥឡូវនេះ បំណែកខាងលើនេះកំពុង ត្រូវបានគេបញ្ជូនទៅធ្វើការ ត្រួតពិនិត្យ ដោយក្រុមជំនាញ។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្ត្រ ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន។ គួរបញ្ជាក់ថា បំណែកយន្តហោះដែលរកឃើញខាងលើ បានបញ្ជូនទឹកដី ប្រទេសម៉ាឡេស៊ីហើយ ក្រោមហេតុផលតែមួយគត់ ក្រុមមន្រ្តីជំនាញបើកការស៊ើបអង្កេត កំនត់អត្តសញ្ញាណផ្ទាល់តែម្តង៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី