(អេហ្ស៊ីប)៖ ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានបញ្ជាក់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា យន្តហោះ EgyptAir ជើងហោះហើរ flight MS804 ពិតជាមានផ្សែងហុយចេញពីយន្តហោះ នៅមុនពេលធ្លាក់ចុះក្នុងសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ថ្ងៃទី៣០ មិថុនានេះ។
សារអេឡិចត្រូនិកដែលបានផ្ញើដោយស្វ័យប្រវត្តិនៅក្នុងប្រអប់ខ្មៅ បានបង្ហាញថា នៅមុនពេលធ្លាក់ យន្តហោះ EgyptAir មានហុយផ្សែងខ្មៅចេញពីបង្គន់ ហើយក៏រាលដាលដល់ខាងក្រោមកាប៊ីនយន្តហោះ ដោយវាបានកើតឡើងប៉ុន្មាននាទីមុន ពេលយន្តហោះបាត់ខ្លួន។
ទិន្នន័យនេះ ត្រូវបានក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប ស្រង់ចេញពីប្រអប់ខ្មៅ Recorded Data ដែលរកឃើញដំបូងគេ ចំណែកប្រអប់ខ្មៅទី២ កំពុងស្ថិតនៅក្នុងប្រទេសបារាំង ព្រោះក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានបញ្ជូនទៅឲ្យអាជ្ញាធរបារាំងជួសជុល ដោយសារតែមានកំណកអំបិល និងស្លែជាមេម៉ូរ៉ីនៃប្រអប់ខ្មៅច្រើនពេក។
គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ flight MS804 ពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានបាត់ខ្លួន និងត្រូវបានគេរកឃើញធ្លាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពី ថ្ងៃទី១៩ ខែឧសភា ដោយបានស្លាប់មនុស្ស ៦៦នាក់៕
ប្រភព ៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង