(ពិភពលោក)៖ ដើម្បីទទួលបានសំណាងល្អ សេចក្តីសុខ និងភាពរីកចម្រើនក្នុងឱកាសឆ្នាំថ្មីឈានចូលមកដល់ មនុស្សទាំងអស់លើពិភពលោក បានអបអរសាទរដោយទំនៀមទម្លាប់ប្លែកដែលអ្នកនឹកស្មានមិនដល់ ឬហួសចិត្តជាខ្លាំង។ ខាងក្រោមនេះជារបៀបប្លែកៗទាំង២៥ចំណុច របស់ប្រជាពលរដ្ឋជុំវិញពិភពលោក៖
១៖ បោកបំបែកចាន (ប្រទេសដាណឺម៉ាក)
នៅប្រទេស ដាណឺម៉ាក់ មនុស្សសន្សំចានចាស់ៗដែលឈប់ប្រើប្រាស់ទុករហូតដល់ថ្ងៃទី៣១ ខែធ្នូ ហើយពួកគេនឹងគប់ចានទាំងនោះនៅតាមមាត់ទ្វាផ្ទះមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។
២៖ ដុតរូបទីងមោង (ប្រទេសអេកា្វឌ័រ)
នៅប្រទេស អេក្វាឌ័រ មនុស្សអបអរសាទរឆ្នាំថ្មី ដោយដុតរូបទីងមោងក្នុងពេលពាក់កណ្តាលអាធ្រាតនៃថ្ងៃឆ្លងឆ្នាំ។ ពួកគេថែមទាំងដុតរូបថតកាលពីឆ្នាំចាស់ផងដែរ ដើម្បីទទួលបានសំណាងល្អសម្រាប់ឆ្នាំថ្មី។
៣៖ បរិភោគទំពំាងបាយជូរ១២គ្រាប់ (ប្រទេសអេស្ប៉ាញ)
ប្រសិនបើអ្នកអាចបរិភោគផ្លែទំពាំងបាយជូរហូតដល់១២គ្រាប់ក្នុងមាត់ក្នុងពេលតែមួយ នៅពាក់កណ្តាលអាធ្រាតនៃថ្ងៃឆ្លងឆ្នាំ នោះអ្នកនឹងទទួលបានសំណាងល្អសម្រាប់ឆ្នាំថ្មី។
៤៖ និយមរបស់មូលៗ (ប្រទេសហ្វីលីពីន)
នៅប្រទេស ហ្វីលីពីន ប្រាក់កាសគឺជាអ្វីៗគ្រប់យ៉ាង។ ពួកគេជឿជាក់ថា អ្វីៗដែលប្រើប្រាស់នៅក្នុងឱកាសឆ្លងឆ្នាំថ្មី គួរតែជាវត្ថុដែលមានរាងមូល ព្រោះវាដំណាងឱ្យកាក់ និងនាំមកនូវភាពសម្បូរហូរហារ។
៥៖ ស្លៀកឈុតក្នុងពណ៌ឆើតស្រស់ (អាមេរិកខាងត្បូង)
នៅបណ្តាប្រទេសមួយចំនួនក្នុងនៅអាមេរិកខាងត្បូង ចូលចិត្តស្លៀកខោក្នុងពណ៌ឆើត ដើម្បីទទួលបានជោគវាសនាល្អសម្រាប់ឆ្នាំថ្មី។ ខោក្នុងពណ៌ក្រហម មានន័យថា អ្នកនឹងបានជួបមនុស្សជាទីស្រឡាញ់ ចំណែកពណ៌មាសមានន័យថា អ្នកនឹងរកស៊ីមានបាន ចំណែកពណ៌សដំណាងសន្តិភាព នៅក្នុងឆ្នាំថ្មី។
៦៖ វាយជួង១០៨ដង (ប្រទេសជប៉ុន)
ក្នុងពេលឆ្លងឆ្នាំថ្មី មនុស្សនឹងវាយជួង១០៨ដងដែលនឹងនាំមកនូវភាពស្អាតស្អំ។ ការអនុវត្តន៍បែបនេះ ក៏ត្រូវបានគេជឿថានឹងនាំមកនូវស្នាមញញឹម និងសំណាងល្អសម្រាប់ឆ្នាំថ្មី។
៧៖ ដាល់គ្នាក្នុងពិធី Takanakuy (ប្រទេសប៉េរ៉ូ)
ជារៀងរាល់ឆ្នាំនៅចុងខែធ្នូ ក្នុងភូមិតូចមួយក្នុងប្រទេស ប៉េរ៉ូ មនុស្សបានប្រើប្រាស់កណ្តាប់ដៃដើម្បីដាល់គ្នាទៅវិញទៅមកដើម្បី បញ្ឈប់វិវាទគ្នាដាក់គ្នា។
៨៖ ទម្លាក់ការ៉េមនៅលើកម្រាល (ប្រទេសស្វីស)
ប្រជាពលរដ្ឋស្វីស តែងតែអប់អរឆ្នាំថ្មី ដោយការទម្លាក់ការ៉េមនៅលើកម្រាលផ្ទះរបស់គេ។
៩៖ ទម្លាក់កាក់ (ប្រទេសរ៉ូម៉ានី)
នៅទីនេះមនុស្ស ចូលចិត្តទម្លាក់កាក់ក្នុងទឹកទន្លេដើម្បីទទួលបានសំណាងល្អសម្រាប់ឆ្នាំថ្មី។
១០៖បោះធុងទឹក (ប្រទេសព័រតូរីកូ)
នៅតំបន់ខ្លះក្នុងប្រទេស ព័រតូរីកូ មនុស្សនិយមបោះធុងទឹកចេញតាមបង្អួច ដើម្បីបណ្តេញវិញ្ញាណអាក្រក់ចេញក្រៅផ្ទះ។
១១៖ កុំភ្លេចសត្វគោ (ប្រទេសប៊ែលហ្ស៊ីក)
ក្នុងប្រទេស ប្រទេសប៊ែលហ្ស៊ីក ក្នុងឱកាសឆ្នាំថ្មី មនុស្សមើលថែបសុសត្វរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដោយសារកសិករមានបំណងចង់ឱ្យសត្វចិញ្ចឹមរបស់ពួកគេជាពិសេសសត្វគោ ជួបរឿងរីករាយសម្រាប់ឆ្នាំថ្មី។
១២៖ កាក់ផ្អែម (ប្រទេសបូលីវី)
នៅទីនេះមនុស្សចូលចិត្តបង្កប់កាក់ក្នុងនំដុតដែលមានរស់ជាតិផ្អែម ហើយអ្នកណាដែលរកឃើញកាក់នោះជាមនុស្សដែលមានសំណាងល្អសម្រាប់ឆ្នាំថ្មី។
១៣៖ បរិភោគនំ (ប្រទេសបារាំង)
ប្រជាពលរដ្ឋបារាំង ចូលចិត្តរក្សាចំណីដែលសាមញ្ញ និងមានរស់ជាតិឆ្ងាញ់សម្រាប់បរិភោគក្នុងឱកាសឆ្នាំថ្មី។ នៅរៀងរាល់ថ្ងៃឆ្លងឆ្នាំពួកគេភាគច្រើន ចូលចិត្តបរិភោគនំ Pancakes ដែលមានច្រើនស្រទាប់។
១៤៖ កាន់វ៉ាលីទៅគ្រប់ទីកន្លែង (កូឡំប៊ី)
ក្នុងឱកាសឆ្នាំថ្មី ប្រជាពលរដ្ឋ កូឡំប៊ី និយមយួរវ៉ាលីទៅកាន់គ្រប់ទីកន្លែងពេញមួយថ្ងៃ ដោយសង្ឃឹមថាពួកគេអាចធ្វើដំណើរទៅកន្លែងផ្សេងៗពេញមួយឆ្នាំ។
១៥៖ លោតខ្ពស់ៗ (ប្រទេសដាណឺម៉ាក)
ផ្នែកខ្លះនៃប្រទេស ដាណឺម៉ាក មនុស្សនិយមលោតចេញពីកៅអី ដោយចាត់ទុកថាវាជាការលោតចូលឆ្នាំថ្មី ដើម្បីទទួលបានសំណាងល្អ។
១៦៖ ប៉ាតម្សៅ (ប្រទេសថៃ)
ជាមួយនឹងការជះទឹកដាក់គ្នា ប្រជាពលរដ្ឋថៃតែងតែលេងប៉ាតម្សៅគ្នាទៅវិញទៅមកក្នុងការឱកាសឆ្លងឆ្នាំថ្មី។
១៧៖ គេងមួយយប់នៅក្បែរផ្នូរ (ប្រទេសឈីលី)
គ្រួសារក្នុងប្រទេស ឈីលី តែងតែចំណាយពេលពេញមួយយប់នៃថ្ងៃឆ្លងឆ្នាំ ជាមួយមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅ ដោយគេងនៅក្បែរផ្នូរពេញមួយយប់។
១៨៖ ខ្សឹបត្រចៀកដាក់សត្វ (ប្រទេស រ៉ូម៉ានី)
មិនខុសពីប្រទេស ប៊ែលហ្ស៊ីក កសិកររ៉ូម៉ានី ព្យាយាមធ្វើសន្ទនាជាមួយសត្វគោរបស់ពួកគេ។ ប៉ុន្តែបើសិនជាពួកគេអាចនិយាយជាមួយសត្វបានសម្រេច មានន័យថា ពួកគេនឹងជួបរឿងអាក្រក់ក្នុងឆ្នាំថ្មី។
១៩៖ ជញ្ជាំងជាមួយនឹងចំណិតនំប៉័ង (អៀកឡង់)
នៅប្រទេសអៀកឡង់ មនុស្សនឹងដាល់ជញ្ជាំងជាមួយនឹងចំណិតនំប៉័ង ដើម្បីបណ្តេញវិញ្ញាណអាក្រក់ចេញពីលំនៅដ្ឋានរបស់ខ្លួន។
២០៖ បោះបង់គ្រឿងសង្ហារឹមចាស់ (អាហ្រិ្វកខាងត្បូង)
ក្នុងតំបន់ខ្លះនៅអាហ្រ្វិកខាងត្បូង មនុស្សនិយមបោះចោលគ្រឿងសង្ហារឹមចាស់របស់ខ្លួនតាមបង្អួច។
២១៖ ងូតទឺកកក (ប្រទេសស៊ីបេរី)
ប្រជាពលរដ្ឋស៊ីបេរី និយមលោតក្នុងទឹកត្រជាក់ ដែលដាក់នៅលើកន្ទុយរថយន្ត។
២២៖ ដុតសំណរឱ្យរលាយ (ប្រទេសហ្វាំឡង់)
នៅក្នុងប្រទេស ហ្វាងឡង់ មនុស្សនិយមទស្សន៍ទាយជោគវាសនារបស់គេក្នុងឆ្នាំថ្មី ដោយការដុតសំណរឱ្យទាល់តែរលាយ ហើយចាក់ចូលទៅក្នុងធុងទឹក។ ពួកគេនឹងទស្សន៍ទាយជោគវាសនារបស់ខ្លួន ដោយពឹងផ្អែកលើរូបរាងរបស់សំណដែលចាក់ក្នុងទឹក។
២៣៖ ដុតរូបសំណាក (ប្រទេសប៉ាណាម៉ា)
នៅទីនេះរូបសំណាករបស់មនុស្ស ត្រូវបានដុតចោល ដើម្បីជាមធ្យោបាយក្នុងការចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងរឿងល្អៗ។
២៤៖ ជូនអំណោយ (ប្រទេសស្កត់ឡែន)
ក្នុងប្រទេសស្កតឡែន មនុស្សទីមួយដែលឆ្លងកាត់ទ្វានៃលំនៅដ្ឋានរបស់អ្នកណាម្នាក់ក្នុងឱកាសឆ្នាំថ្មី ចាំបាច់ត្រូវនាំមកជាមួយនូវអំណោយផងដែរ ដើម្បីនាំសំណាងល្អដល់ម្ចាស់ផ្ទះ។
២៥៖ បរិភោគឱ្យបានច្រើនបំផុត (ប្រទេសអេត្យូពី)
នៅប្រទេសអេត្យូពី មនុស្សនឹងញាំអាហាររហូតដល់ប្រាំពីរដង ក្នុងឱកាសឆ្លងឆ្នាំថ្មីដើម្បីទទួលបានភាពសម្បូរហូរហារសម្រាប់ឆ្នាំថ្មី៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព ៖ articlesbase
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង