CamNews

រថយន្ត 

គ្រោះមហន្ដរាយ ជំនន់ទឹកភ្លៀង លិចលង់ក្រុមហ៊ុន Ford ខូចខាតរថយន្ដ រាប់រយគ្រឿង

យានយន្ដ៖ ប្រមាណជាពីរទៅ បីថ្ងៃកន្លងមកហើយ ដែលរដ្ឋ Missouri របស់ប្រទេសអាមេរិក ជួបប្រទះនឹងគ្រោះធម្មជាតិ ដ៏ចម្លែកកើតឡើង ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបង្កឲ្យមានទឹកជំនន់លិច ក្នុងនោះក្រុមហ៊ុនចែកចាយ រថយន្ដទំនើប Ford ក៏បាន ទទួលរងផលប៉ះពាល់ នេះផងដែរ ដោយមានរថយន្ដជាច្រើនគ្រឿង ត្រូវលិចក្នុងនោះមិនអាចនឹងស្រោចស្រង់ទាន់។ 

លោក Jim Pettyjohn ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុន ទីនោះបានថ្លែងប្រាប់អ្នកកាសែតថា » ភ្លៀងចាប់ផ្ដើមខ្លាំងត្រឹមល្ងាចថ្ងៃសៅរ៍ ប្រមាណជា ម៉ោង ៦-៧ តែប៉ុណ្ណោះ ទីកន្លែងចតរថយន្ដផ្នែកខាងមុខត្រូវ​លិច​លង់ សុទ្ធតែទឹក ។ ពួកយើងមានទីតាំងចតរថយន្ដផ្នែកខាងមុខជាទីទំនាបខ្លាំង ប៉ុន្ដែក៏មានការជួយធ្វើអន្ដរាគមន៍ ពីសំណាក់ អ្នកដំណើរប្រមាណជា ២០ - ២៥នាក់ កំពុងតែបើកបរ រថយន្ដតាមដងផ្លូវចុះមក​ជួយ បើក​រថយន្ដ​ទៅចតនៅផ្នែកខាងក្រោយ​ក្រុមហ៊ុន ដែលមានទីខ្ពស់ជាង នៅទីនោះអាចគេចផុត បានខ្លះ។ ក្រោយពេលភ្លៀងធ្លាក់ ប្រមាណជា ២-៣ ម៉ោងប៉ុណ្ណោះ ទឹកកស្រក់ទៅវិញ ដោយប​ន្សល់ទុកនូវរថយន្ដសរុបប្រ​មាណ​​ជា ១០៥ គ្រឿង ត្រូវរងការខូចខាត ហើយរថយន្ដទាំងអស់គឺមាន ម៉ូដែលដូចជា Ford Lincolns, ​Escapes, Edges និងប្រភេទ Ford F ស៊េរី Pick Up ជាច្រើនគ្រឿង ប៉ុន្ដែសម្រាប់ម៉ូដែល Ford Mustangs មិនមានបញ្ហានោះទេ »។ 

គូសបញ្ជាក់ផងដែរថា ក្រោយពីមានការលិចលង់ និងស្រកទៅវិញនោះ ក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការលក់ធម្មតាវិញ ចំណែករថយន្ដដែលទទួលរងផលប៉ះពាល់ត្រូវយកទៅកែលម្អរជាថ្មី។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop


Tags: Vehicle News Car Ford Missouri