ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ថ្ងៃ សៅរ៍ ចុងសប្តាហ៍ កន្លងទៅនេះ លោកស្រី Tsai Ing-Wen វ័យ ៥៩ ឆ្នាំ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេ នៅក្នុងកោះតៃវ៉ាន់ ។ លោកស្រី មកពី គណបក្ស Democratic Progressive Party (DPP) ដែល តែងតែមាននិន្នការ ខ្ពស់ ចង់ បាន ឯករាជ្យពីប្រ ទេស ចិន ។
គូសបញ្ជាក់ តាមរយៈការថ្លែងសុន្ទរកថា លោកស្រីបានសន្យាថានិងរក្សា ស្ថានភាពទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ដដែល ប៉ុន្តែទីក្រុងប៉េកាំង ត្រូវតែគោរព ប្រជាធិបតេយ្យ របស់តៃវ៉ាន់ ហើយភាគីទាំងពីរមិនត្រូវរករឿងឈ្លោះគ្នានោះទេ ។ គួរបញ្ជាក់ថា ប្រទេសចិនចាត់ ទុក តៃវ៉ាន់ គ្រាន់តែជាខេត្តដែលបែកចេញពីខ្លួនប៉ុណ្ណោះ ហើយបានគំរាមថានឹង យកដែន ដីនេះ ត្រលប់មកវិញដោយប្រើកម្លាំងនៅ ក្នុងករណីចាំបាច់ ។
ប្រភព បន្តអោយដឹងថា លោកស្រី បានហៅជោគជ័យនេះថា ជាយុគសម័យ ថ្មី មួយ សម្រាប់តៃវ៉ាន់ ហើយ ថាលោកស្រីសន្យាសហការជាមួយនិងគណបក្ស នយោបាយផ្សេងទៀតលើ បញ្ហា សំខាន់ៗរបស់ជាតិ ។ មិនត្រឹមតែប៉ុណ្ណោះ លោក ស្រី បាន បន្ត ថា ឆន្ទៈរបស់ប្រជាជនតៃវ៉ាន់ គឺជាមូលដ្ឋានសម្រាប់ទំនាក់ទំនងជាមួយប្រទេសចិន ហើយថាភាគីទាំងពីរ ត្រូវមានទំនួលខុសត្រូវក្នុងការស្វែងរកនូវមធ្យោបាយក្នុងកិច្ចការ ទំនាក់ទំនង ដែលអាចទទួលយកបានទាំង សង ខាង មួយ ដោយឈរលើសេចក្ដីថ្លៃថ្នូរ និងការជួយគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក ។ លើស ពីនេះ លោកស្រីបានលើកឡើងថា យើងត្រូវធានាឲ្យបានថា គ្មានការបង្កជម្លោះ ឬការប៉ះទង្គិចណាមួយកើតឡើងនោះទេ ហើយព្រមទាំងបានព្រមានថា រាល់ទម្រង់នៃការគាបសង្កត់នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់។ គួររំឮកថា ថ្វីបើតៃវ៉ាន់កំពុងស្វ័យគ្រប់គ្រងបន្ទាប់ពីខ្លួនបានបែកបាក់ ជាមួយចិនក្រោយសង្គ្រាមស៊ីវិលមួយក្នុងឆ្នាំ ១៩៤៩ ក្តីក៏ពួកគេមិនដែលបានប្រកាសឯករាជ្យឡើយហើយក្រុងប៉េកាំងនៅតែ ចាត់ ទុកថា កោះនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដោយរង់ចាំតែការ បង្រួប បង្រួមឡើងវិញប៉ុណ្ណោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី