(ភ្នំពេញ)៖ ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាសរុប ១៦រូប ដែលចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នាវេលាម៉ោង ៦៖៤០នាទីល្ងាច ថ្ងៃទី២៥ ខែសីហាខានស្អែកនេះ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាពិភពលោកខាងលើម្សិលមិញនេះ។
នាយកបេសកកម្ម Rio Olympic Games 2016 លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ Khmertalking ពីប្រេស៊ីលនាព្រឹក ថ្ងៃនេះថា មន្រ្តីដឹកនាំ ក៏ដូចជាអត្តពលិកដោយសរុបទាំងអស់មានគ្នា ១៦នាក់នោះ នឹងមាតុភូមិនិវត្តន៍មកដល់ប្រទេស កម្ពុជាវិញ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ខានស្អែកនេះហើយ បន្ទាប់ពីបញ្ចប់បេសកកម្មជិត ១ខែនៅប្រទេស ស្ថិតក្នុងតំបន់អាមេរិកឡាទីនរួចមក។
សូមរំលឹកផងដែរថា ប្រតិភូ និងអត្តលិកកម្ពុជា បានចេញពីប្រទេសឆ្ពោះទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល តាំងពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដោយមាន៤ប្រភេទកីឡា ស្មើនឹង ៦វិញ្ញាសា ដោយមានកីឡាហែលទឹក ២រូប កីឡារត់ប្រណាំងម៉ារ៉ាតុង ២រូប កីឡាបោកចំបាប់ ១រូប និងកីឡាតេក្វាន់ដូ ១រូបផងដែរ ដោយពុំបានឈ្នះមេដាយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង