CamNews

កីឡាអន្តរជាតិ 

អាជ្ញាធរប្រេស៊ីល ពិន័យអត្តពលិកហែលទឹកអាមេរិក Feigen ជាង ១០ម៉ឹនដុល្លារ ដោយសារប្រឌិតរឿងចោរប្លន់

(ក្រុងរីយ៉ូ)៖ អត្តពលិកហែលទឹកអាមេរិក កីឡាករ James Feigen ត្រូវបានក្រុមអាជ្ញាធរប្រេស៊ីល ពិន័យជាប្រាក់ចំនួន ១០,៨០០ដុល្លារសហរដ្ឋអាមេរិក មុនចាកចេញពីប្រេស៊ីល ដោយសារតែប្រឌិតរឿងចោរប្លន់ពួកគេនៅទីក្រុង Rio de Janeiro កាលពីចុងសប្តាហ៍ រួមជាមួយនឹងមិត្តរួមជាតិ ៣នាក់ផ្សេងទៀត។

មេធាវីរបស់ម្ចាស់មេដាយមាស កីឡាអូឡាំពិក Rio Olympic Games 2016 បានថ្លែងប្រាប់សារព័ត៌មាន AP ឲ្យដឹង មុននេះថា James Feigen ត្រូវបានអាជ្ញាធរបង្គាប់ឲ្យបង់ប្រាក់ ១០,៨០០ដុល្លារ មុនទទួលបានលិខិតឆ្លងដែន និង ចាកចេញពីប្រទេសប្រេស៊ីលវិញ ដោយសារតែប្រឌិតខុសរឿង ថាពួកគេត្រូវបានចោរប្លន់នៅទីក្រុង Rio ពេលជិះតាក់ ស៊ីត្រឡប់មកពីប្រកួតហែលទឹកវិញនោះ តែតាមការពិតពួកគេបានបង្ករឿងនៅកន្លែងស្ថានីយ៍ចាក់សាំងសោះ។

សេចក្តីរាយការណ៍ពីក្រុមសមត្ថកិច្ចក៏បានឲ្យដឹងដែរថា Feigen ជាអ្នកបង្កឲ្យមានបញ្ហា ដែលរូបគេបានចូលបន្ទប់ទឹក បត់ជើងតូច តែបានធ្វើឲ្យខូចខាតរបស់របរបន្តិចបន្ទួចនៅក្នុងបន្ទប់ទឹកដោយពុំទទួលខុសត្រូវ និងព្យាយាមគេចវេស ដែលបង្ខំឲ្យសន្តិសុខដកកាំភ្លើងភ្ជង់តែម្តង។

សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ ជនបង្ករឿង៣រូប ក្នុងចំណោមបក្ខពួក៤នាក់ មានដូចជា Ryan Lochte, Gunnar Bentz និង Jack Conger បានធ្វើដំណើរចេញពីទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលហើយ នៅរង់ចាំតែ James Feigen ដែលត្រូវពិន័យ ១០,៨០០ដុល្លារ មុនចាកចេញដូចគ្នា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016