CamNews

កីឡាអន្តរជាតិ 

ដឹងអត់ប្រទេស តំបន់អាស៊ី នឹងក្លាយជាម្ចាស់ផ្ទះ Olympic Game 2020 តើប្រទេសណាមួយ?

(ក្រុងរីយ៉ូ)៖ លោកអភិបាលក្រុង Tokyo នៃប្រទេសជប៉ុន បានឡើងទទួលទង់ជាតិពីប្រទេសប្រេស៊ីលហើយ ក្នុងពិធី បិទការប្រកួតកីឡាអូឡាំពិក Olympic Games ព្រឹកមិញនេះក្នុងទីក្រុង Rio de Janeiro ដើម្បីរៀបចំបន្តនៃ ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះនៅទីក្រុង Tokyo នៅឆ្នាំ២០២០ ខាងមុខ។

សារព័ត៌មាន AP បានចេញផ្សាយឲ្យដឹងថា ក្រោយដំណើរការប្រកួតអស់រយៈពេល ១៦ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ព្រឹត្តិការណ៍ Rio Olympic Games ត្រូវបានបញ្ចប់ជាស្ថាពរហើយនាព្រឹកមិញនេះ ហើយក៏ បានធ្វើការប្រគល់ទង់ជាតិកីឡាអូឡាំពិកឲ្យទៅប្រទេសជប៉ុន ដើម្បីរៀបចំបន្តនៅ ៤ឆ្នាំខាងមុខទៀតផងដែរ ដែលធ្វើការប្រគល់ជូនដោយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រកួតកីឡាចម្រុះរួមបញ្ចូលគ្នាដែលមានរហូតដល់ទៅ ២៨ប្រភេទកីឡា ចែកចេញជា ៣០២វិញ្ញាសាប្រកួត និង ៤១វិញ្ញាសាសំដែងនោះ IOC បានធ្វើការចែកជូនមេដាយសរុបអស់ចំនួន ៩៧៥មេដាយ ដោយក្នុងនោះមានមេដាយមាស ៣០៧គ្រឿង មេដាយប្រាក់ ៣០៧គ្រឿង និងមេដាយសំរឹទ្ធ៣៦១គ្រឿង ដោយអាមេរិក ឈ្នះបានច្រើនជាងគេឈរនៅលេខ១ មានមេដាយសរុប ១២១គ្រឿង លេខ២ អង់គ្លេស និងលេខ៣ ចិន ខណៈដែលម្ចាស់ផ្ទះប្រេស៊ីល ឈរនៅលេខ១៣ ឈ្នះមេដាយបាន១៩គ្រឿងប៉ុណ្ណោះ ក្នុងចំណោម ៨៧ប្រទេស ដែលឈ្នះមេដាយក្នុងអូឡាំពិក រដូវក្តៅ លើកទី៣១នេះ។

ជាមួយគ្នានោះ កម្ពុជាដែលបានបញ្ជូនអត្តពលិក ៦រូប ស្មើនឹង ៤ប្រភេទកីឡា (ហែលទឹក ចំបាប់ អត្តពលកម្ម និងតេក្វាន់ដូ) ចូលរួមប្រកួតនឹងគេដែរនោះ ពុំទទួលបានមេដាយអ្វីឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016