CamNews

ព័ត៌មានអន្តរជាតិ 

រូប​អតីត​ប្រធានាធិបតី​អាមេរិក​ក្នុង​ក្រដាសប្រាក់ ២០​ដុល្លារ នឹង​ត្រូវ​ប្តូរ​ដាក់​រូប​ស្ត្រី​ទាសករ

(​វ៉ាស៊ីនតោន​)៖ រដ្ឋមន្ត្រី​រតនាគារជាតិ​ អាមេរិក Jacob J. Lew បានប្រកាសថា និមិត្តរូប​ដ៏​គួរឲ្យ​ចង​ចាំមួយ​ នឹង​ត្រូវ​យកមក​ដាក់​នៅក្នុង​រូបិយប័ណ្ណ​ របស់​អាមេរិក​នៅ​ក្នុង​សតវត្សរ៍​មួយ​នេះ ដោយ​ក្នុង​នោះ​គឺ រូប​អតីត​ប្រធានាធិបតី​អាមេរិក​ លោក Andreww Jackson លើ​ក្រដាសប្រាក់ ២០​ដុល្លារ នឹងត្រូវ​ជំនួស​ដោយ​ស្ត្រី​ទាសករ​ ឈ្មោះ Harriet Tubman វិញ​។ នេះ​បើ​តាម​ការចេញផ្សាយ​ ដោយ​កាសែត New York Time នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​។​

​មិន​ត្រឹមតែ​ការផ្លាស់ប្តូរ​ សម្រាប់​ក្រដាសប្រាក់ ២០​ដុល្លារ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ក្រដាសប្រាក់ ៥ ដុល្លារ និង ១០​ដុល្លារ ក៏​រតនាគារជាតិ​មាន​គម្រោង​ប្តូរ​ ទៅ​ដាក់​រូប​ស្ត្រី និង​មេដឹកនាំ​សិទ្ធិ​ស៊ីវិល មួយចំនួនទៀត ផងដែរ​។ លោក Lew ធ្លាប់​បាន​ប្តេជ្ញា តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ថា នឹង​ធ្វើឲ្យ​មាន​រូប​ភាពស្ត្រី នៅលើ​ក្រដាសប្រាក់ ១០​ដុល្លារ​។​​

​គួរបញ្ជាក់​ថា ​លោកស្រី Harriet Tubman គឺ​ជា​អតីត​ទាសករ និង​ជា​សកម្មជន​ប្រឆាំង​ទាសភាព ដែល​ត្រូវបាន​កត់ត្រា​ទុក​ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ នៅ​ថ្ងៃ​ពុធ​ដដែល​នោះ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ក៏​បាន​សម្តែង​ការគាំទ្រ​ យ៉ាង​ពេញទំហឹង​ផងដែរ ចំពោះ​ការសម្រេច​របស់​រតនា​គារ​ជាតិ ព្រោះ​វា​ជា​ការបង្ហាញ​ពី​ប្រជាជាតិ​មួយ ដែល​កំពុង​បន្ត​ដំណើរ​ដោយ​សេរី ​ផ្នែក​វប្បធម៌ ជាតិ​សាសន៍ និង សិទ្ធិ សម្រាប់​ដើម​សតវត្សរ៍​នេះ​តទៅ​៕​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US Texas Int news Airbase Shooting