យានរុករក Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) នៅភពព្រះអង្គារ បានរកឃើញទឹកនៅក្នុងដីនៃស្រទាប់ខាងលើរបស់ភពព្រះអង្គារ ប្រការនេះ ធ្វើឱ្យគេមានសង្ឃឹមច្រើនថានឹងជួបសំណាងល្អ នៅពេលមនុស្សឡើងដល់ភពក្រហមនេះ នាពេលខាងមុខ។
បន្ទាប់ពីបានវិភាគទៅលើដីដែលប្រមូលបាននៅលើភពព្រះអង្គារដោយយានរុករក Curiosity ក្រុមអ្នកវិទ្យាសាស្ដ្រនៃមន្ទីរស្រាវជ្រាវ Rensselaer របស់អាមេរិក បានរកឃើញថា នៅក្នុងដី ០,០៣ម៣ គឺមានផ្ទុកជាតិទឹក ០,៤៧លីត្រ (ប្រហែល ២កែវ)។
យាន Curiosity (រូប ៖ Reuters)
ដីដែលប្រមូលបានទាំងនោះ ត្រូវបានដាក់ចូលទៅក្នុងម៉ាស៊ីនកំដៅ នៅកណ្ដាលយាន ហើយជាលទ្ធផល យានស្រាវជ្រាវ Curiosity បានរកឃើញជាតិទឹក ប្រមាណជា ២% នៅក្នុងដីដែលប្រមូលបាន។ Curiosity ក៏បានរកឃើញសារធាតុ SO2, CO2 និង O2 រួមនឹងជាតិរ៉ែផ្សេងៗ ក្នុងដីដែលត្រូវបានដុតកំដៅក្នុងសីតណ្ហភាពខ្ពស់។
លោកស្រីបណ្ឌិត Laurie Leshin ថ្លែងថា ៖ “យើងបានដុតកំដៅដីនោះ ដល់ទៅ ៨៣៥អង្សា និងបានបំបាត់ចោលបណ្ដាសារធាតុងាយហើរចំហាយ ដើម្បីវាស់ចំនួនដីដែលនៅដល់។ យើងមានឧបករណ៍ស្វែងរកទឹក និងបណ្ដាសារធាតុដទៃ” ។
លោកស្រីបណ្ឌិត Laurie Leshin បន្ដថា ការរកឃើញដ៏អស្ចារ្យនេះ នឹងជួយឱ្យមនុស្សអាចរៀបចំគម្រោងបានល្អ សម្រាប់ការនាំមនុស្សឡើងទៅកាន់ឋានព្រះអង្គារ នាពេលអនាគត។
យាន Curiosity (រូបភាព ៖ guardianlv)
សូមរំឭកថា យានរុករក Curiosity បានចុះទៅក្នុងតំបន់មាត់រណ្ដៅ Gale ក្បែរអេក្វាទ័ររបស់ព្រះអង្គារកាលពីខែសីហា ឆ្នាំ ២០១។ គោលដៅរបស់យាននេះ គឺស្វែងរកឱ្យដឹងថា តើភពក្រហមនេះ ធ្លាប់មានទឹកពីមុនដែរ ឬអត់។ ដើមឡើយ ក្រុមអ្នកវិទ្យាសាស្ដ្រជឿថា ភពព្រះអង្គារ ធ្លាប់មានទឹកយ៉ាងច្រើន ប៉ុន្ដែក្រោយមក វាបានបាត់បង់ស្ទើរតែទាំងអស់។
ដោយ ៖ តារា
ប្រភព ៖ KH