យានអវកាសចំនួនពីររបស់ NASA នឹងទៅកាន់បណ្ដាកូនភពដែលមិនធ្លាប់ត្រូវបានគេសិក្សា
ស្រាវជ្រាវ ដើម្បីស្វែងយល់អំពីការកកើតរបស់ប្រព័ន្ធព្រះអាទិត្យ កាលពីយុគសម័យដំបូង។
បេសកកម្ម Lucy និង Psyche នឹងជួយឱ្យ NASA បកស្រាយអំពីប្រភពរបស់ប្រព័ន្ធព្រះអាទិត្យ
ក្នុងសន្និសីទពីចម្ងាយ ដែលត្រូវបានធ្វើឡើងកាលពីម្សិលមិញ NASA ឱ្យដឹងថា បេសកកម្ម
ចំនួនពីរដែលមានឈ្មោះថា Lucy និង Psyche អាចនឹងបង្ហើបឱ្យដឹងអំពីយុគសម័យដំបូងនៃ
ប្រវត្តិរបស់ប្រព័ន្ធព្រះអាទិត្យ អំឡុងពេលមិនដល់ ១០លានឆ្នាំ បន្ទាប់ពីព្រះអាទិត្យកកើត នេះ
បើតាម Seeker។
បេសកកម្មចំនួនពីរនេះត្រូវបានជ្រើសចេញពីគម្រោងចុងក្រោយចំនួន៥ និងកំពុងស្ថិតក្នុង
ដំណាក់កាលធ្វើគម្រោងជាមួយនឹងគោលដៅបាញ់បង្ហោះយានស្រាវជ្រាវនៅឆ្នាំ ២០២១ និង
២០២៣។
Thomas Zurbuchen អនុប្រធានគណកម្មការបេសកកម្មវិទ្យាសាស្ដររបស់ NASA ឱ្យដឹងថា
“Lucy នឹងទៅស្រាវជ្រាវបណ្ដាកូនភព Trojan ដ៏អាថ៌កំបាំងរបស់ភពព្រហស្បតិ៍ ខណៈដែល
Psyche នឹងស្រាវជ្រាវបណ្ដាកូនភពលោហធាតុដែលមិនធ្លាប់ត្រូវបានស្រាវជ្រាវកន្លងមក។
នេះគឺជាគោលដៅនៃបណ្ដាបេសកកម្មក្នុងកម្មវិធី Discovery”។
Lucy គឺជាយានអវកាសបញ្ជាដោយស្វ័យប្រវត្ត ដែលនឹងត្រូវបានគេបាញ់បង្ហោះនៅខែតុលា
ឆ្នាំ ២០២១។ យាននេះនឹងហោះទៅកាន់គោលដៅដំបូងគឺកូនភពមួយនៅតំបន់ខ្សែក្រវាត់ នៅ
ចន្លោះភពព្រះអង្គារ និងភពព្រហស្បតិ៍ នាឆ្នាំ ២០២៥។ ចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៣៣
Lucy នឹងស្រាវជ្រាវកូនភព Trojan ផ្សេងៗចំនួន ៦។ កូនភពទាំងនេះ ត្រូវទំនាញរបស់ភព
ព្រហស្បតិ៍ ទាញចូលក្នុងគន្លងគោចរ។ ពួកវាត្រូវបានគេជឿថា គឺជាដាននៃយុគសម័យដំបូង
ក្នុងប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យ ហើយវាកកើតតាំងពីយូរយារមកហើយ នៅខាងក្រៅគន្លងគោចរ
នៃភពព្រហស្បតិ៍។
កូនភពលោហធាតុដែលមានឈ្មោះថា Psyche នឹងក្លាយជាគោលដៅរបស់យានអវកាសមាន
ឈ្មោះដូចគ្នា ដែលនឹងត្រូវបានបាញ់បង្ហោះនៅឆ្នាំ ២០២៣។ កូនភពដែលមានអង្កត់ផ្ចិត
ប្រហែល ២០៩គីឡូម៉ែត្រនេះ ស្ថិតនៅឆ្ងាយជាងបីដង បើធៀបនឹងចម្ងាយពីព្រះអាទិត្យមក
កាន់ផែនដី។
ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា Psyche អាចកកើតឡើងក្រោមរូបភាពជាភពមួយដែលមានទំហំ
ស្មើនឹងភពព្រះអង្គារ ប៉ុន្តែវាបានបាត់បង់ស្រទាប់ខាងក្រៅនៅពេលវាប៉ះទង្គិចជាមួយកូនភព
ឬអាចម៍ផ្កាយផ្សេងៗ កាលពីរាប់ពាន់លានឆ្នាំមុន។
កម្មវិធី Discovery នេះ បានចាប់ផ្ដើមកាលពីឆ្នាំ ១៩៩២ ជាមួយនឹងទឹកប្រាក់ ៤៥០លានដុល្លារ
អាមេរិក។ កម្មវិធីនេះ ផ្ដោតទៅលើការបកស្រាយសំនួរអំពីប្រព័ន្ធព្រះអាទិត្យ តាមរយៈបេសក
កម្មដែលមានការចំណាយទាប៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail