ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការគូសបញ្ជាក់អោយដឹង ពីអាជ្ញាធរ ក្នុងស្រុក ក៏ដូចជា ទីភ្នាក់ងារសារ ព័ត៌មាន បរទេស nbcnews អោយដឹងថា ដោយសារតែ ស្ថានភាព ផ្លូវ ពោរពេញ ទៅដោយ ព្រិលទឹកកក បានបណ្តាលអោយ មានករណី គ្រោះថ្នាក់ ចរាចរណ៍ រថយន្ត បុកបន្តកន្ទុយគ្នា ដល់ទៅ ៦៥ គ្រឿង កាល ពីវេលាព្រឹក ឈានចូល ថ្ងៃអាទិត្យ ម្សិលមិញនេះ នៅឯ រដ្ឋ Massachusetts សហរដ្ឋអាមេរិក ។
ប្រភពសារព័ត៌មាន ដដែលបន្ថែមថា ករណីគ្រោះថ្នាក់ រថយន្តបុកបន្ត កន្ទុយគ្នា យ៉ាងច្រើន សន្ធឹកសន្ធាប់ ដល់ទៅ ៦៥ គ្រឿងលើកនេះ បានបណ្តាលអោយ មនុស្ស ៣៥ នាក់ ទទួលរងរបួស ធ្ងន់ និងស្រាល ។ បន្ថែមពីលើនេះ បើតាមការ អោយដឹង ពីមន្រ្តីប៉ូលីស តំណាងអោយ អគ្គស្នងការ ប៉ូលីស រដ្ឋ Massachu- setts បន្តគូសបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់លើនេះ បានកើតឡើង កាលពីវេលា ព្រឹកព្រលឹម ឈានចូលថ្ងៃ អាទិត្យ ពោលគឺ នៅវេលាម៉ោង ៧ ព្រឹក ដោយនៅក្នុងនោះ រថយន្ត ៦១ គ្រឿង និង រថយន្តដឹក ទំនិញ ៤ គ្រឿង ផ្សេងទៀត បានបន្តបុកកន្ទុយគ្នា មានប្រវែង ដល់ ទៅ ១៥០០ ហ្វឺតឯណោះ (ដល់ទៅជិត ៥០០ ម៉ែត្រ) ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍រថយន្ត បន្តបុកកន្ទុយគ្នា យ៉ាងដូច្នេះ មន្រ្តី ប៉ូលីសប្រចាំកន្លែងកើតហេតុ ចេញសេចក្តីថ្លែងការណ៍ នៅលើទំព័រ ទ្វីតធើ របស់ខ្លួនថា បើសិណា ពិត ជាមិនចាំបាច់ចេញទៅក្រៅទេនោះ គួរណា រង់ចាំសិន ព្រោះថា ផ្លូវ រអិលខ្លាំងណាស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews