(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ និងជម្រើសជាតិអ៊ីស្លង់ រកបានម្នាក់ ១ពិន្ទុដូចគ្នា បន្ទាប់ពីលេងពេញម៉ោង ៩០នាទីស្មើលទ្ធផល ១-១ យប់មិញនេះ ពី១ប្រកួតដំបូងក្នុងពូល F នៃព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំង។
សារព័ត៌មាន BBC បានផ្សាយថា ការប្រកួតដែលបានធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Stade Geoffroy Guichard ដែលមានអ្នកទស្សនាផ្ទាល់ ៣៨៧៤២នាក់នោះ អតីតកីឡាករ Manchester United, Nani បានរកគ្រាប់ទី១ ឲ្យព័រទុយហ្គាល់ នៅនាទីទី៣១ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម Andre Gomes តែត្រូវកីឡាករ Birkir Bjarnason ជួយឲ្យអ៊ីស្លង់ តាមបានស្មើវិញ ត្រឹមចាប់ផ្តើមវគ្គទី២ បាន៥នាទី រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង។
១ពិន្ទុនៅថ្ងៃឆាកនេះដែរ បានធ្វើឲ្យក្រុមដែលមានរហស្សនាមថា «រាជសីហ៍រោមមាស» ព័រទុយហ្គាល់ ឡើងទៅឈរនៅលេខទី២ ក្នុងពូល F បណ្តោះអាសន្ន អ៊ីស្លង់ ឈរនៅលេខ៣ ហុងគ្រី ឈរលេខ១ មាន៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុមបាតតារាង អូទ្រីស ២-០ យប់មិញនេះដូចគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង