(អ៉ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអ៊ែលលោក Benjamin Netanyahu រំពឹងថា រុស្ស៊ីនឹងចូលរួមជួយក្នុងការប្រយុទ្ធប្រឆាំង នឹងមហន្តរាយភ្លើងឆេះព្រៃ ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះមក នៅពាសពេញផ្ទៃប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ខណៈអង្គភាពពន្លត់អគ្គិភ័យ ប្រចាំអ៉ីស្រាអែល កំពុងតែជួបប្រទះនឹងភាពលំបាក ក្នុងការទប់ទល់នឹងភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគកណ្តាល និងខាងជើងប្រទេស លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសស្នើទៅកាន់ប្រជាជាតិដទៃៗទៀត រួមមានប្រទេសក្រិក ក្រូអាស៊ី និងរុស្ស៊ី
ឲ្យបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ដើម្បីជួយបង្រ្កាបភ្លើងឆេះព្រៃ ដែលបានបន្តអស់រយៈពេលបីថ្ងៃមកហើយនេះ ខណៈប្រទេសក្រិក និងក្រូអាស៊ី បានឆ្លើយតបភ្លាមៗថានឹងជួយ។ លោក Netanyahu ក៏កំពុងរំពឹងផងដែរថា ប្រទេសរុស្ស៊ីនឹងបញ្ជូនជំនួយមកដូចគ្នា។
គួរបញ្ជាក់ថា ដោយសារតែការខ្សត់ភ្លៀង និងខ្យល់ស្ងួតបានបណ្តាលឲ្យភ្លើងឆេះព្រៃ រីករាលដាលពាសពេញភាគកណ្តាល និងភាគខាងជើងប្រទេសអ៉ីស្រាអែល ហើយលំនៅឋានរបស់ប្រជាជនជាច្រើនខ្នង បានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញទាំងស្រុង ប៉ុន្តែជាសំណាងល្អគ្មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ និងរងរបួសនោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង