CamNews

តារា 

តារារ៉េប ធីអូ ស្ងាត់ៗ​​ចេញ​ពី​ភ្លេង​រីខដ ចូល ថោន ចេញ​បទ​ដំបូង ជា​មួយ​កញ្ញា ស្ពែជ្រក់

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ស្រស់សង្ហា ក្នុងក្រុមឡេកាស៊ី របស់ផលិតកម្មភ្លេងរីខដ លោក ធីអូ ត្រូវបានប្រភពព័ត៌មាន ច្បាស់ការណ៍ ទម្លាយឲ្យដឹងថា លោក បានរើបង្វេចចាកចេញពីផលិតកម្ម ភ្លេងរីខដ ហើយបានចូលទៅក្នុងផលិតកម្ម ថោន កាលពីពេលថ្មីៗនេះ ដែលជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រ តារារូបនេះ នាពេលកន្លងមក។

ជារឿងនឹកស្មានមិនដល់ ដែលនៅសុខៗស្រាប់តែ លោក ធីអូ បានចូលច្រៀងក្នុងផលិតកម្ម ថោន ។ ក្រៅពីនេះលោកក៏បានចេញវ៉ុល ជាមួយកញ្ញា ស្ពែជ្រក់ ធ្វើឲ្យមហាជនជាច្រើនងឿយឆ្ងល់ថា លោកដាច់ចិត្តចោល ហង្សមាស និង ភ្លេងរីខដ ហើយឬយ៉ាងណា ? អស់រយៈពេលជិត៦ឆ្នាំ នៃការចូលច្រៀងរបស់លោក ហាក់មិនបានក្រសោប បានភាពល្បីល្បាញ ដូចតារាចម្រៀងរ៉េបដទៃឡើយ ពោលហាក់កាន់តែស្ងប់ស្ងាត់ ក្រោយចូលច្រៀងក្នុងក្រុម លេកាស៊ី។ លើសពីនេះ លោកចូលក្នុងហង្សមាស ចំនួន៣ឆ្នាំ ប៉ុន្តែបទចម្រៀងរបស់លោក គ្មានអ្នកណាម្នាក់បានស្គាល់ឡើយ ពោលស្ងាត់ដូចោរលួចសេះ ។

ប្រភពពីក្រុមគ្រួសារ លោក ធី អូ បានប្រាប់ LookingTODAY ថាជាការពិត លោក ធីអូ បានចូលផលិតកម្ម ថោន អស់រយៈពេលយូរគួរសមមកហើយ និងបានសំងំធ្វើបទចម្រៀងជាច្រើន អាល់ប៊ុម ហើយដំបូងនេះត្រូវចាប់ដៃគូ ជាមួយ កញ្ញស្ពៃជ្រក់ ដែលនឹងមានស្នាដៃត្រៀម ចេញបន្តទៀត ដើម្បីបំរើអារម្មណ៍ទស្សនិកជន ។
 
ប្រភពដដែលបានបន្តថា តាមពិតទៅលោក ធីអូ មានការងារត្រូវបំរើរដ្ឋ ព្រោះលោកមានតួនាទីជាប៉ូលីសផង អ្នកចម្រៀងផង ប៉ុន្តែដោយសារការស្រលាញ់ខាងចម្រៀង មិនអាចឃាត់ចិត្តស្រលាញ់នេះបានទេ រឹតតែមិនអាចបោះបង់ការងារជាប៉ូលីស ដូចនេះលោកបន្តទាំងពីរព្រមគ្នា ។
 
គេមិនទាន់ដឹងថា បទចម្រៀងថ្មីរបស់លោក ធីអូ ដែលរ៉េបជាមួយ ស្ពៃជ្រក់ មានលក្ខណៈយ៉ាងណាទេ តែគេដឹងថា ពិតជាមិនអន់ទេ ព្រោះតារាចម្រៀងទាំងពីរ ពោពេញទៅដោយសមត្ថភាពខ្លាំង ។ គេសង្កេតឃើញថា ផលិតកម្ម ភ្លេងរីខដហាក់ធ្លាក់ចុះប្រជាប្រិយភាព យ៉ាងដុនដាប ស្របពេលលោក សុខ ជំនោរ ចាកចេញ ខណៈកញ្ញា គៀតសុវណ្ណាឡាង ត្រឡប់ទៅរកអាជីពសម្ដែង ចំណែកលោក ធីអូ មកថោនធ្វើព្រងើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Cambodian Idol HMHDTV Live Show Mao ha Chi