CamNews

ព័ត៌មានអន្តរជាតិ 

អ្នកភូមិនេះ ខឹងអ្វីម្ល៉េះទេ បានជានាំគ្នាសម្លាប់ក្រពើរហូតជិត ៣០០ ក្បាល!!!

មន្រ្ដីម្នាក់ បាននិយាយថា អ្នកភូមិនៃប្រទេសឥណ្ឌូនេស៊ី ប្រដាប់ដោយកាំបិត ញញួរ និងដំបង បាននាំគ្នាកាប់សម្លាប់សត្វក្រពើចំនួន ២៩២ ក្បាល ដើម្បីជាការសងសឹកចំពោះមរណភាពនៃបុរសម្នាក់ ដែលត្រូវបានសម្លាប់ដោយសត្វក្រពើ  នៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។

រូបភាព ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Antara បានបង្ហាញនូវគំនរសាកសព្វក្រពើយ៉ាងធំ ដែលប្រឡាក់ទៅដោយឈាម នៅក្នុងសង្កាត់ Sorong នៃខេត្ដ West Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។

ប្រធានទីភ្នាក់អភិរក្សធនធានធម្មជាតិនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំនៅខេត្ដ West Papua បាននិយាយថា ជនរងគ្រោះអាយុ ៤៨ ឆ្នាំម្នាក់បានចូលទៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើ ហើយគាត់ទំនងជាបានបោចស្មៅដើម្បីឱ្យសត្វស៊ី នៅពេលដែលគាត់ត្រូវបានវាយប្រហារដោយសត្វក្រពើនោះ។


លោក Basar Manullang បាននិយាយនៅក្នុងរបាយការណ៍មួយថា៖” កម្មករម្នាក់ បានលឺសម្លេងស្រែកឱ្យជួយ គាត់ក៏បានស្ទុះរត់ទៅកាន់ទីនោះភ្លាមៗ ហើយគាត់បានឃើញក្រពើមួយក្បាល កំពុងខាំត្របាក់មនុស្សម្នាក់”។ 

លោក Manullang បាននិយាយថា ក្រោយពីបូជាសពបុរសនោះរួចកាលពីថ្ងៃសៅរ៍  អ្នកភូមិជាច្រើននាក់ បានចូលទៅក្នុងកសិដ្ឋាន ហើយបានសម្លាប់សត្វក្រពើទាំងអស់។ លោក Manullang បានបន្ថែមថា កសិដ្ឋានខាងលើបានទទួលអាជ្ញាប័ណ្ណ ចិញ្ចឹមពូជសត្វក្រពើទឹកប្រៃ និងពូជមកពីប្រទេសញ៉ូវហ្គីណេកាលពីឆ្នាំ ២០១៣ ដើម្បីអភិរក្សសត្វក្រពើទាំងនោះ ព្រមទាំងចិញ្ចឹមសត្វមួយចំនួនផ្សេងទៀតផងដែរ។

គាត់និយាយថា  ប៉ុន្ដែលក្ខខណ្ឌដ៏ល្អមួយនោះគឺថា ពពួកសត្វល្មួនពុំធ្លាប់បង្កការរំខាន ឬយារយីដល់សហគមន៍ឡើយ។

លោក Manullang បន្ថែមថា៖” ដើម្បីបង្ការកុំឱ្យកើតហេតុការណ៍អាក្រក់នេះម្ដងទៀត ម្ចាស់អាជ្ញាប័ណ្ណបើកកសិដ្ឋាននោះ ចាំបាច់ត្រូវធានាឱ្យបាននូវសុវត្ថិភាព នៅតំបន់ជុំវិញកសិដ្ឋាន។​ ភ្នាក់ងាររបស់លោក បានសហការជាមួយនគរបាល នៅក្នុងការស៊ើបអង្កេតរបស់ពួគេ។ ក្រពើ គឺជាសត្វរបស់អាទិទេព ដែលចាំបាច់ត្រូវការពារផងដែរ” ៕  

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ បាងកកប៉ុស្ដិ៍


Tags: International news