(ភ្នំពេញ) ៖ បច្ចុប្បន្ន បញ្ហាអនាម័យ គឺជារឿងសំខាន់ ដែលមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល រួមទាំងក្រសួងពាក់ព័ន្ធជាច្រើន ជាពិសេនៅតាមទីជនបទនានា សុទ្ធតែមានបង្កើតនូវ បង្គន់អនាម័យ ដើម្បីថែរក្សាសុខភាពទូទៅ ជៀសវាង ការធ្វើឥរិយាបទមួយចំនួន ដោយគ្មានសណ្តាប់ធ្នាប់ ពាសវាលពាសកាល។
ប៉ុន្តែក្រឡេកមើលទៅ ផលិតកម្មហង្សមាស បានផលិតបទចម្រៀងមួយបទ ដែលបានបង្ហាញ ពីឥរិយាបទមិនសមរម្យ របស់តួអង្គចំនួនបីរូប ដែលនាំគ្នាឈរបន្ទោរបង់ (បត់ជើងតូច ឬ នោម) ដាក់នៅជញ្ជាំងផ្ទះរបស់ ប្រជាពលរដ្ឋ ក្នុងនោះដែរ ក៏មានវត្តមានតួអង្គម្នាក់ទៀត ដែលស្លៀកពាក់ ជាមន្ត្រីនគរបាល ក៏បានទៅឈរនោមនៅក្បែរ តួអង្គទាំងបីនោះដែរ។
បទ «យក្សរាំធុងបាស» របស់ហង្សមាសនេះ បានធ្វើឲ្យបាត់បង់តម្លៃនគរបាល ដោយយកសម្លៀកបំពាក់ នគរបាលឲ្យតួអង្គពាក់ និងបានទៅជុះនោម ដាក់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យមានការរិះគន់។
មិនដឹងថា ផលិតកម្មមួយនេះ ចង់បង្ហាញ នូវទិដ្ឋភាព ដែលមានឥរិយាបទ មិនសមរម្យ ដោយឈរតំរៀបជួរគ្នានោម នៅទីសាធារណៈ ដើម្បី ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាច្រើន បានឃើញនូវទង្វើនេះ។ តួអង្គយក្ស ក៏ជាតួអង្គមួយ នៅក្នុងសាសនាផងដែរ ដូចជានៅច្រកចូល ទៅប្រាសាទមួយនៅអង្គរវត្ត ក៏មានទេវតា និងយក្សនៅអមសងខាង ផ្លូវចូល ទៅប្រាសាទបុរាណនោះដែរ។ មិនតែប៉ុណ្ណោះ នៅតាមទីវត្តអារាមនានា និងរបាំមួយចំនួនទៀត ក៏មានតួអង្គយក្សតែនេះ គេយកយក្សឲ្យឈរនោម ធ្វើមិនដឹងម៉្យាងដែរ។
មានប្រជាពលរដ្ឋជាច្រើន នៅតែមានការងឿងឆ្ងល់ ថារាល់ការផលិតបទចម្រៀង ការតែងនិពន្ធ គឺសុទ្ធតែមានការឆ្លងកាត់ ពីក្រសួងវប្បធម៌ត្រួតពិនិត្យ មុននឹងឲ្យចេញ។ ប៉ុន្តែ ទង្វើនៅក្នុងបទចម្រៀងនេះ ដែលមានការរិះគន់ជាច្រើន នៅលើបណ្តាញសង្គម ហ្វេសបុក ដែលខាងក្រសួងវប្បធម៌ នៅតែអនុញ្ញាតិ ឲ្យចេញ។ បើយោងតាមប្រភព ចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងផលិតកម្មមួយនេះមានសាច់ញាតិ ដែលធ្វើការនៅក្នុងក្រសួងជួយអន្តរាគមន៍ ធ្វើយ៉ាងណាក៏ដោយ គឺចេញបានគ្រប់ពេលទាំងអស់។
បើយោងតាម សហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យ ការបោះសំរាមនៅពាសវាលពាសកាល នៅតាមទីសាធារណៈ និងសូមអោយប្រជាពលរដ្ឋ រក្សានូវសណ្តាប់ធ្នាប់ ជៀសវាងការបន្ទោរបង់ តាមទីសាធារណៈផ្សេងៗ។
ក្នុងនោះដែរ ក៏មានអង្គការមួយចំនួន បានរៀបចំស្ពតអប់រំឲ្យចូលរួម បង្កើតនូវបង្គន់អនាម័យ និងចូលរួមប្រើប្រាស់ ទាំងអស់គ្នា តែបែរជាផលិតកម្មមួយនេះ បង្ហាញឲ្យឃើញ ពីតួអង្គ ឈរនោមបែបនេះទៅវិញ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី