CamNews

តារា 

ដេននី ខ្វាន់ ទាមទារឲ្យ ម៉េង កែវ​ពេជ្ជតា ទទួល​ខុស​ត្រូវ និង​​សុំ​ទោស​ជា​សា​ធារណៈ លើ​ទង្វើ​ចោទ​ប្រកាន់

(ភ្នំពេញ)៖ បន្ទាប់ពីមានដំណឹង​ នៃការចោទប្រកាន់ពីសំណាក់តារាចម្រៀងស្រី ចាស់វសង្សារ អ្នកនា​ង ម៉េង កែវពេជ្ជតា លើតារាស្រីវ័យក្មេង ទើបរះពន្លឺ និយមការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ ជុំវិញរឿងផ្ញើសារគំរាមកំហែង តាមហ្វេសប៊ុក ភ្លាមៗនេះដែរ សាមីខ្លួននាង ដេននី ខ្វា​ន់ បានផ្ទុះប្រតិកម្ម ដោយធ្វើការបដិសេធ នឹងទាមទារឲ្យអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវតែទទួលខុ​សត្រូវ ចំពោះទង្វើគ្មានការពិត ដែលបានចោទសម្ដៅទៅលើរូបនាង។

តារាស្រីសិចស៊ី និងល្បីឈ្មោះព្រោះតែជម្លោះពាក្យសម្ដី ជាមួយអ្នកសិល្បៈដូចគ្នាកញ្ញា ដេននី ខ្វាន់ បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសរបស់ខ្លួន កា​លពី​១ម៉ោងមុននេះថា «ខ្ញុំសូមអះអាង​ថា ខ្ញុំមិនបានពាក់ពន្ធ័ រឿងសារបស់ជនអនាមិក គំរាមគំហែង ដែលគាត់ (ម៉េង កែវពេជ្ជតា) បានចោទមកលើខ្ញុំហ្នឹងទេ...ចឹងហើយខ្ញុំសូមឲ្យគាត់ចេញមុខ ទទួលខុសត្រូវលើការចោទប្រកាន់ មកលើនាងខ្ញុំ ព្រោះពាក្យដែលគាត់និយាយនេះ វាប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំខ្លាំងណាស់.. ខ្ញុំមិនដឹងនោះទេថា គាត់ធ្លាប់មានសត្រូវប៉ុន្មាននាក់ ចុះហេតុអ្វីបានមកចោទលើខ្ញុំ ដោយគ្មានភស្តុតាងសូម្បីបន្តិច!»។

តារាសម្តែងកញ្ញា ដេននី ខ្វាន់ បានបញ្ជាក់បន្ថែមថា «មនុស្សដូចខ្ញុំក្មេងមែនពិត ប៉ុន្តែហ៊ានធ្វើ គឺហ៊ាន​ទទួល ហើយនាងខ្ញុំ មិនមានពេលឈ្លោះ ដូចគាត់នោះទេ នាងខ្ញុំមានកាងាររបស់ខ្ញុំ ខ្ញុំមិនចំ​ណាយពេលវេលា ទៅលើការឈ្លោះនោះទេ ព្រោះវាអត់ប្រយោជន៍ណាមួយ រឿងវាបានចប់តាំ​ងពីថ្ងៃ ដែលខ្ញុំសូមទោសគាត់មកម្ល៉េះ ចឹងហើយគ្មានហេតុផលអ្វី ដែលនាងខ្ញុំត្រូវទៅរវល់ទៀតនោះទេ។ នាងខ្ញុំនឹងទាមទារ តាមផ្លូវច្បាប់ និងសុំឲ្យគាត់សូមទោសខ្ញុំ ជាសាធារណៈ ចំពោះការចោទប្រកាន់ ដ៏ធ្ងន់ធ្ងរមួយនេះ..!»។

ប្រតិកម្មពីសំណាក់ តារាស្រីកញ្ញា ដេននី ខា្វន់ ខាងលើនេះ បានធ្វើឡើងក្រោយ​ពេល​ មាន​សា​រ​ព័ត៌មាន​ក្នុងស្រុកមួយចំនួន ធ្វើការ​ចុះផ្សាយថា តារាចម្រៀងសម្លេងរ៉ៃកណ្តឹង អ្នកនាង ម៉េង កែវពេជ្ជ​តា ចោទថា ជនអនាមិកដែលបានគំរាមកំហែង ពីសុវត្ថិភាពរបស់ខ្លួន តាមរយៈប្រព័ន្ធហ្វេសប៊ុក កាលពីពេលកន្លងមកនោះ គឺសង្ស័យជាតារាស្រីនាង ដេននី ខ្វាន់។ ប៉ុន្តែក្រោយពីមានព័​ត៌មាន​នេះផ្ទុះឡើង បាន​ធ្វើ​ឲ្យកញ្ញា ដេននី ខ្វាន់ ក្តៅស្លឹកត្រចៀកទ្រាំពុំបាន ចេញមុខទាមទារ ឲ្យអ្នកនាង ម៉េង កែវពេ​ជ្ជ​តា ទទួលខុសត្រូវ ចំពោះការចោទប្រកាន់ គ្មានភ័ស្តុតាង និងសុំទោសជាសាធារណៈតែម្ដង។

គេនៅចាំបានថា កាលពីកន្លងមក តារាចម្រៀង អ្នកនាង ម៉េង កែវ​ពេជ្ជតា ក៏ធ្លាប់បានបង្ហោះសា​រ នៅ​​លើទំព័របណ្តាញសង្គម ហ្វេសប៊ុកបង្ហាញពីការព្រួយបាអារម្ភ លើសុវត្ថិភាពផ្ទា​​ល់ខ្លួន ខណៈមានជនអនាមិក បានបង្កើត Account Facebook ក្លែងក្លាយ ផ្ញើសារមកគំរាមធ្វើ​បា​បនាង តាមរយៈរូបភាពផ្សេងៗ ជាបន្តបន្ទាប់នោះ។ កាលនោះអ្នកនាង ក៏បានលើកជាការសង្ស័យ​ លើ​បុគ្គលចំនួន២រូប ប៉ុន្តែមិនបានបញ្ចេញនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃិង


Tags: Denny kvan