(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងត្រូវប្រកួតបើកឆាកទល់នឹងក្រុមឥណ្ឌូនេស៊ី នាម៉ោង ១៥៖៣០នាទីបើកឆាកមុនគេ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 លើកទី១១ ដែលមានប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះ សម្រាប់សន្សំពិន្ទុប្រចាំពូល A។
ថៃជាក្រុមលេខ១ ប្រចាំអាស៊ីអាគ្នេយ៍ ហើយក៏ជាក្រុមការពារតំណែងជើងឯកផងដែរ ដែលជាក្រុមខ្លាំងទាំងឈុតយុវជន និងឈុតធំដែលមានរហស្សនាមថា «ក្រុមដំរី» ត្រូវតតាំងស្វែងរក៣ពិន្ទុទល់នឹងក្រុមដែលទើបតែរួចផុតពីបម្រាម របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។
ការប្រកួតដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Philippine Sports Stadium ស្ថិតក្នុងទីក្រុង Bocaue នៃប្រទេសហ្វីលីពីននាម៉ោង ១៦៖៣០នាទីល្ងាច ស្មើនឹងម៉ោង ១៥៖៣០នាទីរសៀល ម៉ោងនៅកម្ពុជាថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកាស្អែកនេះ ក្នុងការប្រជែង យក៣ពិន្ទុនៅថ្ងៃបើកឆាក ដោយមានទូរទស្សន៍ក្នុងស្រុក BTV-News ផ្សាយបន្តផ្ទាល់ទាំង២ពូលតែម្តងគឺពូល A ប្រកួតនៅប្រទេសហ្វីលីពីន និងពូល B ប្រកួតនៅប្រទេសមីយ៉ាន់ម៉ា។
សម្រាប់ក្រុមគោព្រៃកម្ពុជា នឹងចាប់ផ្តើមប្រកួតនៅរសៀលម៉ោង ១៥៖៣០នាទី (ម៉ោងនៅកម្ពុជា) ត្រូវជួបក្រុមម៉ាឡេស៊ី វគ្គសន្សំពិន្ទុក្នុងពូល B ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាក្រុមដែលវគ្គជម្រុះ ក្នុងចំណោម៤ក្រុម មានជម្រើសជាតិឡាវ ប្រ៊ុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា យកតែ១ក្រុមទៅបង្រ្គប់ពូល B ដែលមាន៣ក្រុម កំពុងរង់ចាំស្រាប់នោះ៕
ក្រុមថៃ (ឯកសណ្ឋានពណ៌ខៀវ)
រូបភាពកាលជួបគ្នានាពេលកន្លងមក
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង