(ម៉ានីល)៖ ប្រទេសរុស្ស៉ីកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្គត់ផ្គង់ហ្វីលីពីនជាមួយនឹងសព្វាវុធទំនើបៗបំផុតគ្រប់ប្រភេទដែលសុទ្ធតែជាបរិក្ខាយោធាថ្មីសន្លាង។ នេះបើតាមសម្តីរបស់ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងម៉ានីលលោក Igor Khovaev ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅលើនាវាពិឃាត Admiral Tributs របស់ប្រទេសរុស្ស៉ីដែលបានចូលចតនៅកំពង់ផែនៃរដ្ឋធានីម៉ានីលសម្រាប់ដំណើរទស្សនកិច្ចសុច្ឆន្ទៈចាប់ពីថ្ងៃទី០២-០៧ ខែមករា លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា «ប្រទេសរុស្ស៉ីត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការផ្គត់ផ្គង់អាវុធធុនតូចរួមមានកាំភ្លើងខ្លីនិងវែងជាដើម ព្រមទាំង យន្តហោះ, ឧទ្ធម្ភាគចក្រ, និងនាវាមុជទឹកមួយចំនួនហើយនិងសព្វាវុធដទៃៗជាច្រើនប្រភេទទៀត»។
លោក Khovaev បានបន្ថែមដូច្នេះទៀតថា «រុស្ស៉ីមានសម្ភារៈយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីផ្តល់ឲ្យហ្វីលីពីន ប៉ុន្តែអ្វីៗទាំងអស់ត្រូវធ្វើឡើងដោយអនុលោមតាមច្បាប់អន្តរជាតិទាំងស្រុង»។
គួរបញ្ជាក់ថាលោក Igor Khovaev បានបង្ហាញភាពវិជ្ជមានអំពីទំនាក់ទំនងរវាងហ្វីលីពីននិងរុស្ស៉ី និងសង្ឃឹមថារដ្ឋាភិបាលទីក្រុងម៉ូស្គូនិងរដ្ឋាភិបាលទីក្រុងម៉ានីល នៅទីបំផុតនឹងបង្កើតសហប្រតិបត្តិការយោធាការពារជាតិនាពេលអនាគត ហើយលោកបានលើកឡើងថា ប្រទេសរបស់លោកកំពុងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទៅកាន់ប្រទេសរុស្ស៉ី នៅនិទាឃរដូវនៃឆ្នាំ២០១៧នេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី