CamNews

ព័ត៌មានអន្តរជាតិ 

វីរៈបុរសរុស្ស៊ី ០៥នាក់ សុខចិត្តលះបង់ជីវិតក្នុងការជួយពន្លត់អគ្គិភ័យដ៏ធំមួយ នៅទីក្រុងមូស្គូ

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​ បានរាយការណ៍ថា ភ្នាក់ងារពន្លត់អគ្គិភ័យចំនួន៥នាក់ បានពលីជីវិត របស់ពួកគេ ដើម្បីពន្លត់អគ្គិភ័យ​ដ៏សន្ធោសន្ធៅមួយ ដែលបានឆាបឆេះឃ្លាំងស្តុក​ទំនិញមួយកន្លែង នៅក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

មនុស្សជាង ១៦០នាក់ និងឧបករណ៍​ប្រមាណ៥០គ្រឿង បានចូលរួមនៅក្នុងការពន្លត់អគ្គិភ័យ ដែលបានកើតឡើងនៅឃ្លាំងស្តុក​ឥវ៉ាន់មួយកន្លែង ស្ថិតនៅផ្លូវ Amurskaya ភាគខាងកើតទីក្រុងមូស្គូ ហើយទំហំនៃការឆាបឆេះ គឺប្រហែល៤,០០០ម៉ែត្រក្រឡាឯណោះ។

នៅក្នុងហេតុការណខាងលើ ស្ថានីយទូរទស្សន៍រុស្ស៊ី NTV បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យប្រាំនាក់ បានបាត់បង់ជីវិតអំឡុង​ពេល បំពេញកតព្វកិច្ចជូនជាតិ ហើយក្រសួងស្ថានការណ៍​គ្រាអាសន្នរុស្ស៊ី ក៏បានធ្វើការអះអាងដែរថា ភ្នាក់ងារពន្លត់អគ្គិភ័យចំនួន០៧​នាក់ផ្សេងទៀត ពុំទាន់អាចទាក់ទង បាននៅឡើយទេ ខណៈប្រតិបត្តិការស្វែង​រកកំពុងតែបន្ត។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះត្រូវបានពន្លត់ ដោយជោគជ័យ នៅយប់ថ្ងៃព្រហស្បតិ៍ (ពេលវេលានៅក្នុងទីក្រុងមូស្គូ)៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Russia Int news Hot news Breaking news