ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋប្រមាណ ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងនោះ ជនរងគ្រោះ ១៦ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពី មានការ វាយប្រហារ ដោយព្យុះទីហ្វុង Koppu នៅក្នុងប្រទេសហ្វីលីពីន។ បើទោះបីជា កម្លាំងខ្យល់ព្យុះ មាន ការថមថយកម្លាំងធ្លាក់ចុះ យ៉ាងណាក៏ដោយចុះ ក៏អាជ្ញាធរ នៅតែចេញសារព្រមាន ថាអាច នឹង មានជំនន់ទឹកភ្លៀងកាន់តែ ខ្លាំងឡើងដដែល ។
ជនរងគ្រោះ ៧ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែល ទូក របស់ពួកគេបានក្រឡាប់លិច ។ ដោយឡែក ក្មេងប្រុសម្នាក់ ត្រូវបានសម្លាប់ ដោយសារគ្រោះអកុសល ដើមឈើ ដួលរលំ នៅក្នុង ទីក្រុង ម៉ានីល ។ អាជ្ញាធរ ហ្វីលីពីន មានភាពភ័យខ្លាចពាក់ព័ន្ធនឹងតួរលេខជនរងគ្រោះស្លាប់បាត់ បង់ជីវិត អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ។ សារព័ត៌មាន បារាំង France 24 ក្រោយពីដក ស្រង់សេចក្តីរាយការណ៍ ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ ហ្វីលីពីន បានចុះផ្សាយ អោយដឹងថា ពលរដ្ឋច្រើនជាង ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង តំបន់ទំនាប។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋហ្វីលីពីនច្រើនដល់ទៅ ២៦៧,០០០ នាក់ បាត់បង់ថាមពល (កម្លាំង) នៅថ្ងៃអាទិត្យកន្លងទៅនេះ ខណៈបច្ចុប្បន្នភាព ថ្ងៃច័ន្ទដើមសប្តាហ៍ ពលរដ្ឋប្រមាណ ២៤០០ នាក់ គ្មានថាមពលអគ្គីសនីប្រើប្រាស់ បន្ទាប់ពីបណ្តាញចែកចាយត្រូវបានកាត់ផ្តាច់ ។
របាយការណ៍បញ្ជាក់អោយដឹងថា ព្យុះទីហ្វុង Koppu ចាប់ផ្តើមមានវត្តមានរបស់ខ្លួនឡើង កាលពី ថ្ងៃទី ១០ តុលា កន្លងទៅនេះ និងបានវាយប្រហារ ផ្នែកខ្លះនៃប្រទេសហ្វីលីពីន ប៉ុន្មាន ថ្ងៃបន្ទាប់។ កម្លាំងខ្យល់ព្យុះមានល្បឿនខ្លាំងបំផុតដល់ទៅ ២០០ គ.ម ក្នុងមួយម៉ោង ។ គួររំឮក ថា ព្យុះទីហ្វុង មួយនេះ កាន់តែមានឥទ្ធិពលខ្លាំង នៅពេលដែល បក់បោកជួបនឹងព្យុះ Champi ដែលជាបញ្ហា ប្រ ឈមខ្លាំង គ្រោះថ្នាក់បំផុត ដល់ប្រជាជាតិហ្វីលីពីន ដែលកំពុងតែជូបគ្រោះអកុសល មួយនេះ ។ គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេស ដែលងាយទទួលរងគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្លាំងបំផុត នៅ លើពិភពលោក តួយ៉ាង ព្យុះត្រូពិច Haiyan ដែលបានវាយប្រហារ ប្រទេស ហ្វីលីពីន អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ សម្លាប់មនុស្ស ហោចណាស់ ៦០០០ នាក់និងបំផ្លាញហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេសខូចខាតជាដំណំ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ