(ម៉ានីល)៖ នៅក្រោយពេលដែលកងអង្គរក្ស របស់លោកបានទទួលរងរបួស នៅក្នុងការវាយឆ្មក់ពីសំណាក់ពួកសកម្ម ប្រយុទ្ធ Maute ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្តេជ្ញាថា នឹងបង្កើនប្រតិបត្តិការ ដើម្បីកម្ចាត់ក្រុមឧទ្ទាមដែលគាំទ្រក្រុមរដ្ឋអ៉ីស្លាម ISIS នេះឲ្យអស់ពីក្នុងទឹកដី របស់ប្រទេសលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ដែលធ្វើឡើងនៅក្នុងទីក្រុង Cagayan de Oro ភាគខាងត្បូងប្រទេស ក្នុងឱកាសដំណើរសួរសុខទុក្ខ នាយទាហានដែលបានរងរបួស លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានលើកឡើងថា លោកបានព្យាយាមរិះរកគ្រប់វិធី ដើម្បីបង្ការកុំឲ្យកើតមានសង្រ្គាម ជាមួយនឹងជាតិសាសន៍ហ្វីលីពីនដូចគ្នា ប៉ុន្តែពួកក្រុមសកម្មប្រយុទ្ធ Maute បានបង្ខំឲ្យលោកប្រើប្រាស់កម្លាំងកងទ័ព ដើម្បីចម្ចាត់ពួកគេចោលឲ្យទាល់តែបាន ដោយនាពេលនេះក្រុមសកម្មប្រយុទ្ធ ដែលហ៊ានលួចវាយឆ្មក់ទៅលើ ក្រុមការពារ សុវត្ថិភាពរបស់លោកប្រធានាធិបតី ត្រូវបានសម្លាប់អស់ចំនួន ៦១នាក់ហើយ។
គួររំឭកថា នៅថ្ងៃអង្គារម្សិលមិញនេះ សមាជិកនៃកងកម្លាំងកាពារសន្តិសុខ ជូនប្រធានាធិបតីហ្វីលីពីន ឬហៅកាត់ថា PSG ចំនួន ០៧នាក់បានទទួលរងរបួសយ៉ាងធ្ងន់ នៅពេលពេលដែលគ្រាប់បែកមួយគ្រាប់ បានផ្ទុះនៅលើដងមហាវិថី ដែលក្បួនរថយន្តរបស់ពួកគេ បានធ្វើដំណើរឆ្លងកាត់៕
ប្រភព ៖ ស៊ិនហួរ