(ហាណូយ)៖ អ្នកជំនាញវៀតណាមម្នាក់ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម គ្រោងនឹងទិញ រថក្រោះរុស្ស៊ីធុន T-90 រាប់សិបគ្រឿង នៅក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មវិស័យយោធា របស់ខ្លួន ខណៈព័ត៌មាននេះក៏ធ្លាប់ត្រូវបាននាយកប្រតិបត្តិ ក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី Ouralvagonzavod លោក Vladimir Rochtchoupkin បញ្ជាក់ដែរថា យោធាវៀតណាម កំពុងចរចាទិញរថក្រោះប្រភេទនេះជិត ១០០គ្រឿងឯណោះពីរុស្ស៊ី។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik មេបញ្ជាការនៃកងកម្លំាងរថក្រោះវៀតណាម លោក Nguyen Khak Nguyet បានលើកឡើងដូច្នេះថា «ក្នុងនាមអ្នកជំនាញខាងរថក្រោះ ខ្ញុំអាច ប្រៀបធៀបរវាងរថក្រោះសម័យទំនើប ដែលផលិតនៅក្នុងប្រទេសផ្សេងៗពីគ្នា។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ រថក្រោះប្រយុទ្ធរុស្ស៊ី គឺល្អប្រសើរជាងគេបំផុត តួយ៉ាងនៅអំឡុងសម័យសង្រ្គាមវៀតណាម (១៩៦០-១៩៧០) រថក្រោះដែលផលិតដោយ អតីតសហភាពសូវៀត បានជួយដល់វៀតណាម ខាងជើង ក្នុងការទប់ទល់នឹងការឈ្លានពាន ពីសំណាក់សហរដ្ឋអាមេរិក ក៏ដូច ជាមានលទ្ធភាព វាយផ្ដួលរំលំរបបដឹកនំា វៀតណាមខាងត្បូង បានយ៉ាងឆាប់រហ័ស»។
គួរបញ្ជាក់ថា បើតាមលោក Nguyen Khak Nguyet វៀតណាមគួរតែនឹងអាចទិញរថក្រោះធុន T-90 ពីរុស្ស៊ី ដើម្បីធ្វើទំនើបកម្ម និង យកមកជំនួសរថក្រោះចាស់ៗរបស់ខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី