CamNews

ព័ត៌មានអន្តរជាតិ 

ដល់ក!! Rodrigo ស្បថ ឈប់ប្រើសំដីលាមក ក្រោយអទិទេព គម្រាមបំផ្ទុះយន្តហោះ សម្លាប់រូបលោក

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ហ្វីលីពីន ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំចិត្តខ្លាំង សំដី ឆៅនោះគឺលោក Rodrigo Duterte ឲ្យដឹងថា លោកបានសន្យានិងអទិទេពហើយ ថាលោកនឹងមិន ប្រើសំដីបាតផ្សាទៀតនោះទេ ។ 


មកដល់ទីក្រុងស្រុកកំណើត Davao បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុនលោក Duterte ឲ្យដឹងថា អទិទេពបានផ្តល់នូវឧសានវាទដល់រូបលោកនៅពេលដែលកំពុងតែជិះយន្តហោះ គូសបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះ លោក Rodrigo គូសបញ្ជាក់ក្តែងៗឲ្យ ដឹងថា "ខ្ញុំបានឮសម្លេងដោយប្រាប់ខ្ញុំឲ្យឈប់ប្រើសំដីបាតផ្សា បើមិនដូច្នេះទេយន្តហោះដែលខ្ញុំកំពុង ជិះនោះនឹងធ្លាក់ចុះជាក់ជាមិនខាន ដូច្នេះហើយ ខ្ញុំក៏សន្យានឹងសម្លេងអទិទេពខ្សឹបប្រាប់នោះថានឹង ឈប់ប្រើសំដីបាតផ្សាទៀតហើយ "​ ។ 



គួរបញ្ជាក់ថា រយៈពេល១ខែចុងក្រោយនេះ លោក Rodrigo ដែលត្រូវបានគេស្គាល់ថា ជាមេដឹកនាំ ហ្វីលីពីនសំដីឆៅចិត្តសឿងនោះ បានប្រើពាក្យសម្តីគំរោះគំរើយជាញឹកញយ វាយប្រហារទៅកាន់ មេដឹកនាំលោកខាងលិច ខណៈពលរដ្ឋក្នុងស្រុកហ្វីលីពីន គាំទ្រលោកជាខ្លាំង ។ ជាការពិតកាលពីពេល កន្លងទៅនេះ លោក Rodrigo បានជេរលោកបារ៉ាក់ អូបាម៉ា ថាកូនស្រីសំផឹង ខណៈ ហៅសហភាព អឹរ៉ុប ថាគ្មានភាពស្មោះត្រង់  "លាក់ពុត" និងបានគម្រាមចាកចេញពីអង្គការសហប្រជាជាតិ ខណៈ លោកបានទទួលយកនូវការប្រៀបធៀបទៅនឹង ហ៊ីត្លែរ ដោយនិយាយថា លោករីករាយនឹងសម្លាប់ មនុស្ស ៣លាននាក់ ក្នុងបេសកម្ម បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ។ 

ជាមួយនឹងចំណាត់ក្តៅរបស់លោក Rodrigo ក្នុងការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀន រាប់ពាន់ នាក់តាមរយៈការប្រហារជីវិតក្រៅប្រព័ន្ធតុលាការនោះ បាននាំមកនូវការរិះគន់ជាខ្លាំង ពីសហគមន៍ អន្តរជាតិ ។ ជាការលើកឡើងដោយផ្ទាល់ពីសំណាក់​ មេដឹកនាំរូបនេះ ឲ្យដឹងថា លោកបានសន្យា នឹងអទិទេព ថាឈប់ប្រើសំដីលាមកទៀតហើយ ការសន្យានឹងអទិទេព ក៏ដូចជា សន្យានឹងប្រជាជន ហ្វីលីពីនដូចគ្នាដែរ ។ ប៉ុន្តែ លោក Rodrigo បានបន្តឲ្យដឹងថា ការសន្យារបស់លោក គឺមានព្រំដែន កំណត់ បើកាលណា​ ប្រធានបទណាមួយ ដែលអាចជាប់ពាក់ព័ន្ធទៅនឹង អាមេរិក សហភាពអឹរ៉ុប នេះបើយោងតាមការចេញផ្សាយពីសម្រង់អត្ថបទសារព័ត៌មានក្នុងស្រុក ហ្វីលីពីន ៕

- ដល់កហើយ ! ​ប្រធានាធិបតីហ្វីលីពិន ជេរលោក អូបាម៉ា កប់ៗមាត់ថា «Son of a bitch» ដែលជាពាក្យមិនសមចេញពីមាត់

-​ប្រធានាធិបតីហ្វីលីពីនលោក Duterte ជេរលោក អូបាម៉ា ថា «កូនមីឆ្កែ» ធ្វើឲ្យកិច្ចប្រជុំទ្វេភាគីលើកដំបូងត្រូវលុបចោល

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Philippine int news Hot news Breaking news