(ភ្នំពេញ)៖ តារាបាល់ទាត់ដ៏ល្បី ចាន់ វឌ្ឍនាកា និងម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៧ ស៊ន សៀវម៉ី បានលើក ឡើងថា «ខ្ញុំពិតជាសប្បាយចិត្ត និងគាំទ្រ ចំពោះការបង្កើតឲ្យមានពានអត្ដពលិកឆ្នើម ឆ្នាំ២០១៥ ទោះបីខ្ញុំឈ្នះ ឬចាញ់ ពាននេះ ក៏មិនថ្វីដែរ ព្រោះវាគឺជាការរួមចំណែកលើក ទឹកចិត្តអត្តពលិកដ៏សំខាន់» ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ប្រកាសរៀបចំកម្មវិធីផ្ដល់ពានរង្វាន់អត្តពលិកឆ្នើមជាផ្លូវការ កាលពីម្សិលមិញថា ជាការល្អប្រសើរបំផុត ដែលកម្ពុជាមានពានរង្វាន់លើកទឹកចិត្តបែបនេះ សម្រាប់ជំរុញអត្តពលិក ម្នាក់ៗ ឲ្យកាន់តែខិតខំប្រឹងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងស្វែងរកជយលាភីជូនជាតិ ។
ដោយឡែកកញ្ញាតេក្វាន់ដូដ៏ស្រស់ស្អាត ស៊ន សៀវម៉ី បានបញ្ជាក់ថា ការទទួលបានពានរង្វាន់ ឬមិនបានទទួល គឺអាស្រ័យលើអ្នកគាំទ្រ ដែលពួកគាត់ស្រឡាញ់ចូលចិត្ត និងមើលឃើញពីសមត្ថភាពរបស់អត្តពលិកម្នាក់ៗ ទើបគាត់បោះឆ្នោតឲ្យ ដូច្នេះទោះបីឈ្នះ ឬចាញ់ ខ្លួនក៏មិនអន់ចិត្ត ហើយសូមអត្តពលិកដទៃទៀតបន្ដការខិតខំហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង ដើម្បីមានឱកាសឈ្នះពានរង្វាន់លើកទឹកចិត្តមួយនេះ ។
អត្តពលិកឆ្នើមទាំង២រូប បានលើកឡើងស្រដៀងគ្នាទៀតថា ការបង្កើតពាននេះ មិនត្រឹមតែផ្ដល់កិត្តិយស និងលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ អត្តពលិកម្នាក់ៗនោះទេ គឺធ្វើឲ្យវិស័យកីឡាកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ។
ជាក់ស្ដែងបច្ចុប្បន្នមានបណ្ដាប្រទេសជាច្រើនលើពិភពលោក បានបង្កើតពាននេះយូរមកហើយ ដូច្នេះថ្នាក់ដឹកនាំកីឡាកម្ពុជា គួរបន្ដរៀបចំកម្មវិធីនេះឲ្យ បានរាល់ឆ្នាំ ដើម្បីជំរុញការហ្វឹក ហាត់ឲ្យបានកាន់តែខ្លាំងក្លា សម្រាប់ត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី