(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ ក្រាលស្មៅសិប្បនិម្មិត្ត ដែលត្រៀមចំណាយថវិកា ៦០ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភពីសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នេះបើយោងតាមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់សារព័ត៌មានកម្សាន្ត Khmertalking ។
សូមបញ្ជាក់ផងដែរថា នេះជាកីឡដ្ឋានស្មៅសិប្បនិមិ្មត្តទី២ ដែល FFC បានធ្វើការសាង់សង់ ក្រោមជំនួយឧបត្ថម្ភពី FIFA បន្ទាប់ពីពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានឈូសស្មៅធម្មជាតិចេញ និងក្រាលស្មៅសិប្បនិមិ្មត្តវិញរួចរាល់កាលពីខែឧសភា ឆ្នាំ២០១៥ ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការប្រកួតបាល់ទាត់លីកអាជីព មិត្តភាពអន្តរជាតិផ្សេងៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះផងដែរ ។
ទន្ទឹមនឹងការបើកការដ្ឋានសាងសង់នេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា មិនបានប្រាប់ពីការបញ្ចប់គម្រោងសាងសង់នេះទេ តែគ្រាន់ឲ្យដឹងថា កីឡដ្ឋានស្មៅសិប្បនិម្មិត្តថ្មីនេះ គឺគោរពទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិ (ISO) ដើម្បីប្រកួត ១១នាក់ក្នុង១ក្រុម ទៅលើកីឡដ្ឋានចាស់ដែលក្រាលស្មៅធម្មជាតិ និងសម្រាប់ការប្រកួតផ្លូវការជាច្រើននាពេលកន្លងមក ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង