(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានទទួលគ្រាប់បាល់តាមស្មើខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមក្រសួងការពារ ជាតិកីឡាករ Choe Myong Ho ដែលមានរហស្សនាម Ronaldo កូរ៉េខាងជើងវិញហើយ ដោយមាន ១២គ្រាប់ស្មើគ្នា នៅក្នុងតារាងអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ (Top Scorers) ប្រចាំសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ។
ការតាមទាន់ក្នុងតារាង Top Scorers ខាងលើនេះ គឺបន្ទាប់ពីអតីតម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ (Hat-Trick) ម្នាក់ឯង ដើម្បីជួយក្រុមបឹងកេតអង្គរ វាយបកឈ្នះព្រះខ័នរាជស្វាយរៀង ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយក៏ធ្វើឲ្យចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ ចាន់ វឌ្ឍនាកា ឡើងដល់ ១២គ្រាប់ផងដែរ ។
ចំណែកកីឡាករ Choe Myong Ho ដែលធ្លាប់តែជាកីឡាករមានគ្រាប់បាល់នាំមុខក្នុងតារាង Top Scorers តាំងពីដើមរដូវកាល ឥលូវនេះគេបានជួបគូប្រជែងដ៏ខ្លាំងហើយ គឺកីឡាករ ចាន់ វឌ្ឍនាកា ។ កាលពីសប្ដាហ៍មុន កីឡាករកូរ៉េខាងជើងរូបនេះ បានបន្ថែម ២គ្រាប់ទៀត អំឡុងពេលជួយក្រសួងការពារជាតិ ឈ្នះស៊ីម៉ាក់ ៣-០ ប៉ុន្ដែ ២គ្រាប់នេះ បានត្រឹមឲ្យ Choe Myong Ho មាន ១២គ្រាប់ដូចគ្នាប៉ុណ្ណោះ ។
ដោយឡែកកីឡាករកំពុងប្រដេញតាមពីក្រោយម្នាក់ទៀត គឺខ្សែប្រយុទ្ធនៃក្រុមព្រះខ័នរាជស្វាយរៀង ដែលជាអ្នករកបាន ១គ្រាប់ពេលចាញ់បឹងកេត ៣-១ សប្ដាហ៍នោះ ពេលនេះគេបានទទួលគ្រាប់បាល់ជាបណ្ដោះអាសន្នចំនួន ៧គ្រាប់ហើយ រីឯកីឡាករ ៤រូបទៀត ទើបរកបាន ៦គ្រាប់ប៉ុណ្ណោះ រួមមានកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេត, កីលាករ Okereke Timothy របស់ស៊ីម៉ាក់, កីឡាករ Mattew Osa របស់វេស្ទើន និងកីឡាករ Tomoki Muramatsu មកពីក្រុម Cambodian Tiger ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង