កាលពីថ្ងៃទី ២៦សីហា ក្រុមអ្នកវិទ្យាសាស្ដ្របានប្រកាសថា ពួកគេបានរកឃើញជាលើកដំបូង
នូវបណ្ដាពពកទឹក ខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ បណ្ដាពពកទឹកទាំងនេះ ត្រូវបានរកឃើញនៅ
លើ WISE J0855-0714 (ជាភពដ៏ធំមួយ ប៉ុន្ដែ វាមិនក្លាយជាតារានោះទេ) ដែលមានចម្ងាយពី
ផែនដី ត្រឹមតែ ៧,៣ឆ្នាំពន្លឺប៉ុណ្ណោះ (១ ឆ្នាំពន្លឺ ស្មើនឹង ៩.៤៦០.៧៣០.៤៧២.៥៨០ គីឡូម៉ែត្រ)។
ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា WISE J0855-0714 ធំជាងភពព្រហស្បតិ៍ (Jupiter) ដល់ទៅ ១០
ដង ហើយវាគឺជាផ្កាយប្រភេទ dwarf star ដែលត្រជាក់បំផុត មិនធ្លាប់រកឃើញពីមុនមក ដោយ
មានសីតុណ្ហភាព -៤៨ ទៅ -១៣អង្សាសេ គឺត្រជាក់ជាងផែនដី ប៉ុន្ដែ ក្ដៅជាងភពព្រហស្បតិ៍។
Daily Mail ឱ្យដឹងថា ប្រសិនការរកឃើញនេះ ជាការពិត វានឹងជាជំហានដ៏សំខាន់មួយ ក្នុងការ
ស្វែងរក បណ្ដាភពដែលមានជីវិតដូចទៅនឹងផែនដី នាពេលអនាគត។
ការរកឃើញខាងលើ ត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមអ្នកស្រាវជ្រាវ របស់លោក
ស្រីបណ្ឌិត Jacqueline Faherty នៃមន្ទីរវិទ្យាសាស្ដ្រ Carnegie នៅ Washington DC អាមេរិក។
លោកស្រី Jacqueline Faherty ថ្លែងថា ក្រុមរបស់ខ្លួន ប្រើប្រាស់កែវយឹតតារាសាស្ដ្រ 6,5m
Magellan Baade ដែលដាក់នៅប្រទេស Chile ហើយថតបានរូបភាពប្រភេទ infrared ចំនួន
១៥១សន្លឹក ក្រោយមក បានភ្ជាប់រូបភាពទាំងនេះជាមួយ ដើម្បីពិសោធ និងរកឃើញប្រការខាង
លើ។
គួររំលឹកថា មុននេះ អ្នកវិទ្យាសាស្ដ្រក៏ធ្លាប់បានរកឃើញចំហាយទឹក នៅលើបណ្ដាភពដែលនៅ
ខាងក្រៅប្រព័ន្ធព្រះអាទិត្យ ប៉ុន្ដែនេះគឺជាលើកដំបូងដែលគេរកឃើញពពកទឹក។ នៅក្នុងប្រព័ន្ធ
ព្រះអាទិត្យ គឺមានតែភពចំនួនពីរប៉ុណ្ណោះ ដែលមានពពកទឹក នោះគឺភពផែនដី និងភពព្រះអង្គារ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail