(អង់គ្លេស)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អង់គ្លេស បានព្រមានដល់អឺរ៉ុបថា ក្រុមឧទ្ទាម IS បានប្រើប្រាស់លិខិតឆ្លងដែនស៊ីរី និងអ៊ីរ៉ាក់ក្លែងក្លាយ ដើម្បីរត់ពន្ធក្រុមជីហាដ ចូលទៅកាន់ទឹកដីអឺរ៉ុប ចំពេលដែលវិបត្តិជនភៀសខ្លួន កំពុងតែផ្ទុះឡើង។ នេះបើយោងតាម ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា។
ក្រុមជ្រុលនិយមមួយនេះ បានហូរចូលទៅកាន់ទឹកដីអឺរ៉ុប តាមរយៈជនភៀសខ្លួន ដោយនៅក្នុងនោះពួកគេ បានប្រើប្រាស់អត្តសញ្ញាណថ្មី ដែលគេចពីការត្រួតពិនិត្យនៅតាមព្រំដែន ហើយគោលដៅរបស់ពួកគេ គឺធ្វើភេរវកម្មនៅតំបន់អឺរ៉ុប ទៅតាមផែនការឬការបញ្ជាពី ទីបញ្ជាការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះជាការបញ្ជាក់របស់ក្រុមស៊ើបការណ៍សម្ងាត់ របស់អង់គ្លេស។
មន្ត្រីជាន់ខ្ពស់របស់ក្រុមស៊ើបការណ៍ សម្ងាត់របស់អង់គ្លេស បានបង្ហើបឲ្យដឹងថា ក្រុមជីហាដទាំងនោះ បានទៅជួបក្រុម IS នៅតំបន់ Raqqa ដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញ បន្ទាប់មកពួកគេក៏ទទួលបាន លិខិតឆ្លងដែនក្លែងក្លាយ រួចចាប់ផ្ដើមបេសកកម្ម ដោយបន្លំខ្លួននៅក្នុងក្រុមជនភៀសខ្លួន ដើម្បីចូលទៅកាន់ទឹកដីអឺរ៉ុប និងអង់គ្លេស៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី