CamNews

ចិន​ ចំ​អក​ឡក​ឡឺយឲ្យ​តៃវ៉ាន់ ថា មានមេ​ដឹក​នាំ​ជា​ស្ត្រី​មិន​ទាន់​មាន​ប្ដី និង​ជាមនុស្ស​​ជ្រុល​និ​យម

(ប៉េកាំង)៖ វិចារណកថាមួយ ដែលចេញផ្សាយដោយកាសែត ទីភ្នាក់ងារព័ត៌មានផ្លូវការណ៍របស់ចិន បាន​ចំអកឡកឡឺយ​ ដល់​ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ថាជាស្ត្រី «ជ្រុលនិយម ឬរចនាបទជ្រុលនិយម» ក៏ដោយសារតែគាត់ជា​មនុស្សស្រី ដែល​មិនទាន់រៀបការ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែឧសភា។

នៅក្នុងវិចារណកថា ដែលចេញផ្សាយដោយសារទីភ្នាក់ងារ សារព័ត៌មានស៊ិនហួ បានលើកឡើងថា លោកស្ត្រី Tsai Ing-wen ជាមនុស្សមិនទាន់រៀបការ ខ្វះភាពកក់ក្ដៅក្នុងគ្រួសារ ខ្វះអារម្មណ៍ស្និទ្ធស្នាល ជីវិតមនោសញ្ចេតនា ដូច្នេះហើយ​ទើប​គាត់ប្រកាន់គោលគំនិត ជ្រុលនិយមខុសប្រក្រតី។

ជាងនេះទៅទៀត នៅក្នុងវិចារណកថា បានសរសេរថា ក្នុងនាមជាអ្នកនយោបាយស្ត្រី ដែលមិនទាន់រៀបការ គឺបន្ទុកនូវ​ផ្លូវអារម្មណ៍ច្រើន ដោយសារតែគ្មានស្នេហា ក្ដីស្រឡាញ់ គ្រួសារ ដូច្នេះគាត់នឹង​បង្ហាញអារម្មណ៍ របស់គាត់ទៅតាម​ការ​ដឹកនាំ ដែលនាំឲ្យ​ប្រទេសមានភាពជ្រុលនិយម។

គួរបញ្ជាក់ផងដែរថា លោក Tsai Ing-wen ទើបតែប្រកាសចូលកាន់តំណែង ជាប្រធានាធិបតី​តៃវ៉ាន់ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយលោកស្ត្រី គឺជាប្រធានាធិបតីដំបូងគេអង្អស់ របស់តៃវ៉ាន់ និងជាប្រធានាធិបតី ដែលបង្ហាញជំហខ្ពស់​ ក្នុង​ការទាមទារ​ឯករាជពីចិន ខណៈដែលចិនបានប្រកាសថា នឹងប្រើកម្លាំងយោធា បើសិនជាតៃវ៉ាន់ ហ៊ាន​ប្រកាសឯករាជ្យ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: international news BBC