CamNews

តារា 

តារាល្បីប្រចាំប្រទេសកូរ៉េ លោក Rain បង្ហាញថ្ងៃនេះមកកាន់កម្ពុជា ច្បាស់លាស់ហើយ!

(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម Facebook បានប្រទះឃើញសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកំពូលតារាចម្រៀង ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង គឺលោក Rain បានប្រកាសនៅក្នុងទំព័រ Facebook របស់ខ្លួន ជាភាសាអង់គ្លេសថា «Hi, Cambodia. I’m coming to see you again» ដែលមានន័យជាភាសាខ្មែរ«សួស្ដី កម្ពុជា! ខ្ញុំនឹងទៅជួបអ្នកម្ដងទៀត»

ការបង្ហាញសារដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងទំព័រហ្វេសប៊ុក របស់កំពូលតារាចម្រៀង K-pop វ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅក្នុងប្រទេសកម្ពុជា សម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេបានបញ្ជូនសារនេះ ឲ្យគ្នាទៅវិញទៅមក និងរង់ចាំស្វាគមន៍ដោយក្ដីរីករាយបំផុត ចំពោះវត្តមានរបស់តារាចម្រៀង ដ៏ល្បីរបស់ប្រទេសកូរ៉េ រូបនេះ មកកាន់កម្ពុជា។

យ៉ាងណាមិញ បើយោងតាមគេហទំព័រ RAINCOMPANY ដែលជាក្រុមហ៊ុនរបស់តារាចម្រៀង រ៉េន បានបញ្ជាក់ថា លោកនឹងបង្ហាញវត្តមានក្នុងការប្រគំន្ត្រី របស់ក្រុមហ៊ុនស្មាត មានឈ្មោះថា «Smart Mega Concert with Rain» នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ថា កំពូលតារាចម្រៀង Rain បានសម្រេចចិត្តចូលរោងការ ជាមួយនឹងតារាសម្ដែងដ៏ល្បី គឺនាង Kin Tae Hee កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះ នៅឯវិហារ Gaoe Catholic ដោយក្នុងនោះ ក៏មានមិត្តភក្តិជាអ្នកសិល្បៈ ចូលរួមយ៉ាងច្រើនកុះករដូចជា ក្រុម JYP, PSY និង Honey Lee ជាដើម។

ក្រោយពីសច្ចាក្នុងនាម ជាប្តីប្រពន្ធហើយនោះ តារាប្រុសស្រីដ៏ល្បីរបស់កូរ៉េទាំងពីរដួងនេះ ក៏បានថតរូប និងសរសេរលិខិតផ្ទាល់ដៃ ផ្ញើទៅកាន់អ្នកគាំទ្រ ដើម្បីថ្លែងអំណរគុណផងដែរ។ នៅក្នុងពិធីរៀបការរបស់ Rain និង Kin Tae Hee ក៏មានសន្តិសុខយាមកាមយ៉ាងម៉ត់ចត់ មិនឲ្យមនុស្សដែលគ្មានការអញ្ជើញ ចូលរួមពិធីឡើយ ចៀសវាង កើតមានបញ្ហាជាយថាហេតុណាមួយ៕








ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Rain Kim Tae Hee