ព័ត៌មានអន្តរជាតិ ៖ មន្រ្តីក្រសួងមហាផ្ទៃ របស់រុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់ មនុស្ស ចំនួន ០៥នាក់បានស្លាប់ និង ៤៥ នាក់ទៀតរងរបួស នៅពេលដែលរថភ្លើង ចំនួនពីរគ្រឿងបាន ប៉ះទង្គិចគ្នា នៅជិតទីក្រុងមូស្គូ ប្រទេស រុស្ស៊ី កាលពីរសៀលថ្ងៃអង្គារនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី២០ ខែឧសភាឆ្នាំ២០១៤ដោយផ្អែក តាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រៀ ណូវូស្ទី ដែលបានដកស្រង់សម្តី អ្នកនាំពាក្យ នៃក្រុម ប្រតិ បត្តិការសង្គ្រោះ សុំមិនបញ្ចេញឈ្មោះថា«មនុស្សសរុប៥០នាក់បានរងរបួសក្នុងឧប្បតិ្ដហេតុ នោះ ប៉ុន្តែក្នុងចំណោមនោះមាន ០៥នាក់បានស្លាប់»។
ចំណែកប្រភពផ្សេងទៀត ពី ទីភ្នាក់ងារជំរុញផ្នែកច្បាប់ បានប្រាប់សារព័ត៌មាន អ៊ិនធ័រហ្វាក់ថា មនុស្សចំនួន ២៥ នាក់ ត្រូវគេរួសរាន់បញ្ជូន ទៅកាន់មន្ទីរពេទ្យដែលនៅជាយក្រុង មូស្គូ ក្នុងនោះ មាន ០៣នាក់ ត្រូវគេដឹកទៅសង្គ្រោះបន្ទាន់។ មន្រ្តីសង្គ្រោះបន្ទាន់បាននិយាយថា ចំនួនអ្នក ស្លាប់ អាចនឹងកើនឡើង ខណៈអ្នកដំណើរជាច្រើន ត្រូវបានគេទាញចេញពីគំនរបាក់បែក។
ឧប្បតិ្ដហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ១៣៖០០នាទី ម៉ោងនៅមូស្គូ នៅជិតស្ថានីយ៍ រថភ្លើង បេកាសូវ៉ូ ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុង មូស្គូ ដោយ រថភ្លើង ដឹកឥវ៉ាន់មួយគ្រឿង បានរអិលធ្លាក់ផ្លូវ ទៅប៉ះនឹងរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត ដែលធ្វើដំណើរពីទីក្រុង មូស្គូ ទៅទីក្រុង ម៉ូលឡូវ៉ាន់។
ជាមួយគ្នានោះដែរ ក្រុមហ៊ុន អយស្ម័យយានរុស្ស៊ីបាននិយាយថា «ការស៊ើបអង្កេត បឋមបាន បង្ហាញ ថា ហេតុការណ៍ប៉ះទង្គិចគ្នានេះ បានកើតឡើងដោយសារតែ រថភ្លើងដឹកទំនិញនោះខូច ទើបបណ្តាលឲ្យរត់ធ្លាក់ពីផ្លូវ ទៅប៉ះរថភ្លើង មួយគ្រឿងទៀត ហើយបើតាមប្រភពបានឲ្យដឹងថា រថភ្លើងដឹកទំនិញនោះ ជាកម្មសិទ្ធិរបស់ប្រទេស អ៊ុយក្រែន៕
ក្នុងឧប្បតិហេតុនេះ ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី ក៏បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ០៧គ្រឿង ដើម្បី រួសរាន់ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនោះផងដែរ។ ចំណែកអាជ្ញាធររុស្ស៊ី ក៏បាន បើកការស៊ើបអង្កេត ដោយភ្ជាប់ជាមួយនឹងករណីឧក្រិដ្ឋកម្ម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន & ដើមអម្ពិល