CamNews

ព័ត៌មានអន្តរជាតិ 

មេប៉ូលិស​ឥណ្ឌូ​នេ​ស៊ី៖ «ការ​វាយ​ប្រហារ​កណ្ដាល​ទីក្រុង​ហ្សា​កាតា គឺ​ជាផែន​ការណ៍ B របស់​ក្រុម ISIS»

(ហ្សាកាតា)៖ លោក Badrodin Haiti មេប៉ូលិសឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែមករានេះថា ការវាយប្រហារកណ្ដាលទីក្រុងហ្សាកាតា កាលពីសប្ដាហ៍មុន គឺជាផែនការណ៍ B របស់ក្រុមឧទ្ទាម ISIS ដែលគម្រោង នៃការវាយប្រហារនេះ គឺត្រូវបានគ្រោងធ្វើឡើង ក្នុងទ្រង់ទ្រាយធំ ។ នេះបើយោងតាមការចេញផ្សាយ ​របស់ Channel News Asia នៅថ្ងៃទី១៩ ខែមករា។

លោក Haiti បានបញ្ជាក់ថា តាមពិតក្រុម ISIS បានគម្រោងវាយប្រហារឥណ្ឌូនេស៊ី កាលពីអំឡុងពេលរដូវបុណ្យ Christmas និងឆ្លងឆ្នាំសកល ដែលគម្រោងនោះ ត្រូវបានលោក​​មេ​ប៉ូលិសរូបនេះ បញ្ជាក់ថា ជាផែកការណ៍ A ប៉ុន្តែ​គម្រោងមួយនោះ ត្រូវបានបរាជ័យ ដោយក្រុម ISIS បានបញ្ជូនសារមួយថា ពួកគេនឹងវាយប្រហារ ជាលក្ខណៈ​ទ្រង់​ទ្រាយធំលំដាប់អន្តរជាតិ។

ការវាយប្រហារនៅកណ្ដាលទីក្រុងហ្សាកាតា កាលពីសប្ដាហ៍មុននេះ ត្រូវបានគេចាត់ទុកថា ជាការវាយប្រហារ​ធំ​មួយ​ នៅតំបន់អាស៊ី​អា​គ្នេ​យ៍ ពីសំណាក់ក្រុម ISIS ហើយវាក៏ជាសារគំរាមមួយ ដល់បណ្ដាលប្រទេសមួយចំនួន នៅ​ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៍ផងដែរ។

អាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានជនជាតិឥណ្ឌូនេស៊ី ប្រមាណ ៥០០នាក់ បានចាកចេញពីប្រទេស ​ទៅកាន់​​តំបន់មជ្ឈិម ដើម្បីចូលរួមជាមួយក្រុម ISIS ហើយក្នុងនោះ មានប្រមាណជា ១០០នាក់ បានត្រឡប់មកកាន់​ស្រុក​កំណើតវិញ ប៉ុន្តែមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានជំនាញខាងប្រយុទ្ធ។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន មានការវប្រហារមួយ នៅកណ្ដាលទីក្រុងហ្សាកាតា ដោយមានការបំផ្ទុះ​គ្រាប់បែក និងការវាយតបតជាមួយប៉ូលិស ដោយក្នុងការវាយប្រហារនោះ​ មានមនុស្សស្លាប់៨នាក់ ក្នុងនោះ​មាន ក្រុមឧទ្ទាម៤នាក់ និងមានមនុស្សជាច្រើននាក់ រងរបួស៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia Jakarta ISIS