(អ៉ីស្លាមបាដ)៖ មនុស្សយ៉ាងហោចណាស់ចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិត និង៧០នាក់ផ្សេងទៀតបានទទួលរងរបួសនៅពេលដែលអគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Karachi ភាគខាងត្បួងប្រទេសប៉ាគីស្ថាន នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
លោកស្រី Seemi Jamali អគ្គនាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Jinnah ដែលជាកន្លែងជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់បានឲ្យដឹងថា ខណៈពេលនេះសាកសពមនុស្សទាំង ១១នាក់បានរក្សាទុកនៅកន្លែងតម្កល់សាកសពរបស់មន្ទីរពេទ្យ ដើម្បីត្រៀមប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្រោយពេលដែលឆ្លងកាត់ការកំណត់អត្តសញ្ញាណហើយរួចរាល់។
លោកស្រី Jamali បានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមអ្នកដែលស្លាប់រួមមានស្រ្តីចំនួនបួននាក់ហើយអ្នកដែលរងរបួសក៏មានជនបរទេសនៅក្នុងនោះផងដែរ ប៉ុន្តែសញ្ជាតិរបស់ពួកគេពុំត្រូវបានបង្ហើបឲ្យដឹងឡើយ។
គួរបញ្ជាក់ថា បើយោងតាមប្រភពពីមន្ទីរពេទ្យខាងលើដដែល គេកំពុងតែព្រួយបារម្ភថាចំនួនអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត ដោយសម្អាងថាអ្នកដែលបានទទួលរងរបួសចំនួន ៣០នាក់ កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ ដោយឡែកគ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយនេះត្រូវបានគេពន្លត់ឲ្យរលត់មួយរយភាគរយហើយ ប៉ុន្តែភ្នាក់ងារពន្លត់អគ្គិភ័យនៅតែបន្តដឹកនាំប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកនៅក្នុងសណ្ឋាគារកើតហេតុនៅឡើយ៕
ប្រភព ៖ ស៊ិនហួរ/អ័រតេ